(កៀវ)៖ ប្រទេសអ៊ុយក្រែនបានសម្រេចប្រកាសអាសន្នហើយ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅទីក្រុងកៀវ) និងបានណែនាំពលរដ្ឋខ្លួនទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសរុស្ស៊ី ត្រូវប្រញាប់ត្រឡប់មកកាន់ប្រទេសកំណើតវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ភាពតានតឹងបាននិងកំពុងកើនឡើងរឹតតែខ្លាំង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានសម្រេចទទួលស្គាល់តំបន់ផ្តាច់ខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ជារដ្ឋឯករាជ្យ ហើយក៏បានបញ្ជាឲ្យកងទ័ពរុស្ស៊ី ចូលទៅកាន់តំបន់ទាំងពីរនោះ ដើម្បីថែរក្សាសន្តិភាពផងដែរ។

បើតាមប្រភពដែល Reuters ទទួលបាន គេឃើញរថក្រោះរុស្ស៊ីចំនួន ៩គ្រឿង បានចល័តពីទឹកដីរុស្ស៊ី ចូលទៅកាន់តំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ ទោះជាបែបនេះក្តី មិនទាន់មាននរណាអាចដឹងច្បាស់ថា តើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នឹងអាចបើកការវាយលុកទ្រង់ទ្រាយធំ លើប្រទេសអ៊ុយក្រែនដែរ ឬមួយក៏យ៉ាងណានោះឡើយ ខណៈកងទ័ពរុស្ស៊ីជិត ២០០,០០០នាក់ហើយ កំពុងមានវត្តមាននៅកៀកព្រំដែនអ៊ុយក្រែនស្រាប់។

យ៉ាងណាក៏ដោយ មន្ត្រីនៃក្រសួងការពារជាតិអាមេរិកបានចេញមុខអះអាងថា កងទ័ពរុស្ស៊ី គឺត្រៀមខ្លួនរួចជាស្រេចទៅហើយ សម្រាប់វាយប្រហារអ៊ុយក្រែន។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បានថ្លែងថា ការស្មានអំពីជំហានបន្ទាប់របស់រុស្ស៊ី ឬការសម្រេចចិត្តរបស់ក្រុមបំបែកខ្លួន និងប្រធានាធិបតីរុស្ស៊ីនោះ គឺជាប្រការមួយដែលលោកមិនអាចនិយាយបាន៕