(ញូយ៉ក)៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានថាការឈ្លានពានទាំងស្រុងរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងបង្កវិនាសកម្ម ធ្ងន់ធ្ងរ ដែលនឹងនាំទៅរកវិបត្តិជនភៀសខ្លួនសកលថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

សហរដ្ឋអាមេរិក បាននិយាយថាសង្រ្គាមអាចនឹងធ្វើឱ្យមនុស្ស ៥លាននាក់ ក្លាយជាជនភៀសខ្លួន ខណៈរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានព្រមាន ដែរថាបើសង្រ្គាមផ្ទុះឡើងមែន នោះសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃនឹងត្រូវបានបំផ្លាញ។ ការព្រមានបែបនេះធ្វើឡើងកំលុងកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំ។ ថ្លែងនៅក្នុងកិច្ចប្រជុំនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានសង្កត់ធ្ងន់ថាពិភពលោកកំពុងប្រឈមមុខនឹងពេលវេលាដ៏គ្រោះថ្នាក់ ជុំវិញវិបត្តិអ៊ុយក្រែន។

លោក បញ្ជាក់ដូច្នេះថា «ប្រសិនបើជម្លោះផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន ពិភពលោកនឹងជួបប្រទះវិនាសកម្មដែលមិនធ្លាប់មានអស់រយៈពេល ជាច្រើនឆ្នាំមកនេះ។ ដូច្នេះ នេះគឺជាពេលត្រូវអត់ធ្មត់, មានហេតុផល និងបន្ធូរបន្ថយភាពតានតឹង»

គួរបញ្ជាក់ថា បើតាមអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield, ការឈ្លានពានរបស់រុស្ស៊ីអាចនឹងធ្វើឱ្យមនុស្ស ៥លាននាក់ ក្លាយជាជនភៀសខ្លួន ស្របពេលមនុស្សជាង ៣លាននាក់បានរងផលប៉ះពាល់រួចទៅហើយដោយសារសកម្មភាពយោធារុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន៕