(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានប្រកាសថា ប្រទេសលោកនឹងចូលរួមជាមួយប្រទេសផ្សេងៗទៀត ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលកំពុងធ្វើប្រតិបត្តិការយោធា ឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ព័ត៌មានថ្មីៗត្រូវបានចេញផ្សាយថា កងទ័ពរុស្ស៊ីបានបាញ់គ្រាប់មីស៊ីល ទៅលើទីក្រុងមួយចំនួនរបស់អ៊ុយក្រែន និងមូលដ្ឋានយោធាអ៊ុយក្រែន នៅតាមតំបន់ឆ្នេរសមុទ្រ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចេញបញ្ជាឲ្យបើកប្រតិបត្តិយោធាពិសេសមួយ ទៅលើតំបន់ភាគខាងកើត (អ៊ុយក្រែន) កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ក្នុងថ្ងៃព្រហស្បតិ៍នេះ លោក ម៉ូ ចេអ៊ីន បានលើកឡើងថា អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ត្រូវតែទទួលបានការគោរព ហើយការប្រើកម្លាំងយោធា ដែលបង្កផលប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់ គឺមិនអាចត្រូវបានចាត់ទុកថា ជារឿងត្រឹមត្រូវនោះឡើយ ទោះស្ថិតក្នុងករណីណាក៏ដោយ។

យ៉ាងណាក៏ដោយ, អ្នកពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង មិនទាន់អាចបកស្រាយថា តើទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យណាមួយ ដែលប្រទេសអាស៊ីបូព៌ាមួយនេះ នឹងត្រូវដាក់ទៅលើរុស្ស៊ីនោះឡើយ៕