(កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថាកងទ័ពរុស្ស៊ី ៥០នាក់ត្រូវបានសម្លាប់ និងយន្ដហោះចម្បាំង ៦គ្រឿង ត្រូវបានបាញ់ ទម្លាក់នៅក្នុងការវាយប្រយុទ្ធគ្នា នៅឯតំបន់ភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅមុននេះបន្តិច យោធាអ៊ុយក្រែន ក៏បាននិយាយដែរថាយន្ដហោះចម្បាំងរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានបាញ់ទម្លាក់។ ប៉ុន្តែ
ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាកងទ័ពរបស់ខ្លួនបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ក្នុងនោះរួមមានទាំងប្រព័ន្ធការពារដែន អាកាសអ៊ុយក្រែន នៅក្នុងប្រតិបត្តិការយោធា ដាក់ចេញដោយលោក ពូទីន។

បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ី ក៏បានច្រានចោលផងដែរការអះអាងរបស់យោធាអ៊ុយក្រែនដែលថាបានបាញ់ ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង៕