(កៀវ)៖ អ៊ុយក្រែនគឺជាប្រទេសមានផ្ទៃដីធំលំដាប់ទី២ នៅក្នុងតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៉ី។ ប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះមានព្រំដែនជាប់ប្រទេស ដូចជា រុស្ស៉ី, បេឡារុស, ប៉ូឡូញ, រូម៉ានី, ស្លូវ៉ាគី, ម៉ុលដូវ៉ា និងហុងគ្រី ព្រមទាំងមានព្រំដែនទឹកជាប់សមុទ្រខ្មៅ។ អ៊ុយក្រែនដែលជាអតីតដែនដីសហភាពសូវៀត បានប្រកាសឯករាជ្យ បន្ទាប់ពីសូវៀតដួលរលំរលាយនៅឆ្នាំ១៩៩១។

ចាប់តាំងពីពេលនោះមកដែរ, អ៊ុយក្រែនកាន់តែមានទំនោរទៅរកបណ្ដាប្រទេសលោកខាងលិច ដែលនេះធ្វើឱ្យរុស្ស៉ីមិនសប្បាយជាយូរមកហើយដែរ។ សម្រាប់ រុស្ស៉ី អ៊ុយក្រែនគឺជាទីតាំងភូមិសាស្ត្រដ៏សំខាន់ប្រៀបដូចជា ទ្រនាប់ការពារមួយដ៏ធំពីការឈ្លានពានរបស់ NATO។ ម្យ៉ាងវិញទៀត មកទល់នឹងពេលនេះ
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែចាត់ទុកថា អ៊ុយក្រែន គឺជាកេរមរតកបន្សល់ទុកពីអតីតសហភាពសូវៀត ដោយលោកផ្ទាល់ធ្លាប់បានប្រកាសត្រង់ៗ កាលពីចុងឆ្នាំ២០២១ ថាប្រជាជនរុស្ស៉ី និងប្រជាជនអ៊ុយក្រែន ជាប្រជាជនតែមួយទៀតផង។

ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់អ៊ុយក្រែន៖

* ទីក្រុងកៀវ៖ គឺជារដ្ឋធានី
* មានប្រជាជន៖ ៤៤.៩លាននាក់
* មានផ្ទៃក្រឡា៖ ៦០៣,៧០០គីឡូម៉ែត្រក្រឡា
* ភាសា៖ អ៊ុយក្រែន (ភាសាផ្លូវការ), រុស្ស៉ី
* សាសនារបស់រដ្ឋ៖ គ្រឹស្តសាសនា
* អាយុសង្ឃឹមរស់៖ មនុស្សប្រុស ៦៤ឆ្នាំ, មនុស្សស្រី ៧៥ឆ្នាំ
* វត្ថុបិយវត្ថុ៖ ហឺរីនីយ៉ា (hryvnya)
* GDP ៖ ១៣៧.៣ពាន់លានដុល្លារ (ឆ្នាំ២០២០, ធនាគារពិភពលោក)
* GDP សម្រាប់ប្រជាជនម្នាក់៖ ៣,៧២៦.៤ដុល្លារ (ឆ្នាំ២០២០, ធនាគារពិភពលោក)
* ប្រធានាធិបតី៖ លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky)។ លោកជាអតីតតារាកំប្លែងអ៊ុយក្រែនម្នាក់ ដែលមិនមានបទពិសោធន៍ខាង នយោបាយនោះទេ។

*កាលបរិច្ឆេទនៃប្រវត្តិសាស្ត្រសម័យទំនើបសំខាន់ៗរបស់អ៊ុយក្រែន៖

* ឆ្នាំ១៩១៨៖ អ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយបដិវត្តន៍រុស្ស៉ី (Russian Revolution)។

* ឆ្នាំ១៩២១៖ សហភាពវៀតត្រូវបានបង្កើតឡើង ហើយកងទ័ពក្រហមរុស្ស៉ីបានវាយដណ្ដើមកាន់កាប់២ភាគ៣ នៃទឹកដីអ៊ុយក្រែន។

* ឆ្នាំ១៩៣២៖ កសិករយ៉ាងហោច ៧លាននាក់បានស្លាប់ នៅក្នុងគ្រោះទុរភិក្សនៅអំឡុងយុទ្ធនាការសមូហនីយកម្មរបស់លោកស្ដាលីន។

* ឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៤៖ ប្រជាជនអ៊ុយក្រែនរងទុក្ខវេទនា នៅក្រោមការគ្រប់គ្រងរបស់កងទ័ពណាហ្ស៊ីអាល្លឺម៉ង់ហ៊ីត្លែរ នាសម័យសង្រ្គាមលោកលើកទី២។

* ឆ្នាំ១៩៤៥៖ កងទ័ពសម្ពន្ធមិត្តលោកខាងលិច ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមលោកលើកទី២ ហើយសូវៀតបានក្រសោបយកអ៊ុយក្រែនតែម្ដង។

* ឆ្នាំ១៩៨៦៖ រ៉េទ័រនុយក្លេអ៊ែរមួយ នៅឯរោងចក្រនុយក្លេអ៊ែរសឆឺណូប៊ីល (Chernobyl) បានផ្ទុះដោយធ្វើឱ្យសាយភាយធាតុវិទ្យុកម្មនៅទូទាំងទ្វីបអឺរ៉ុប។

* ឆ្នាំ១៩៩១៖ ខណៈសហភាពសូវៀតឈានទៅរកការដួលរលំ, អ៊ុយក្រែនបានប្រកាសឯករាជ្យ។

* ឆ្នាំ២០០៤៖ បដិវត្តន៍មួយដែលគេតែងតែហៅ «បដិវត្តន៍ព៌ណទឹកក្រូច» ដោយក្រុមបាតុករលោកខាងលិចធ្វើបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាលអ៊ុយក្រែន ជំនាន់នោះធ្វើកំណែទម្រង់។

* ឆ្នាំ២០១៤៖ នៅខែកុម្ភៈ, បដិវត្តន៍ផ្កាម្លិះបានផ្ទុះឡើង ក្រោយក្រុមបាតុករបានទម្លាក់រដ្ឋាភិបាលគាំទ្ររុស្ស៉ីចេញពីអំណាច ហើយក្នុងឆ្នាំដដែលនេះដែរ រុស្ស៉ី ក៏សម្រេចចិត្តក្រសោបយកតំបន់គ្រីមៀ

* ឆ្នាំ២០១៩៖ នៅខែមេសា, លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែន។

សូមជំរាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយទទួលបានការគាំទ្រពេញលេញពីសភា, នៅទីបំផុតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៉ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។

ការប្រកាសរបស់លោក ពូទីន ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំ ដើម្បីជំរុញឲ្យរុស្ស៉ីបញ្ឈប់សកម្មភាពទាំងអស់នេះ៕