(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson និយាយថា ចក្រភពអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្តនឹងបញ្ចេញកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំមួយ ដើម្បីបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី បន្ទាប់ពី វិមានក្រឹមឡាំងបានបើកការលុកលុយគ្រប់ជ្រុងជ្រោយលើប្រទេសជិតខាងអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Johnson បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ប្រជាជាតិថា «ថ្ងៃនេះ ក្នុងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរបស់យើង យើងបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំ ដែលនឹងត្រូវរៀបចំឡើងនៅពេលត្រឹមត្រូវមួយ ដើម្បីរំខានដល់សេដ្ឋកិច្ចរុស្ស៊ី»។

លោកបានសង្កត់ធ្ងន់ថា លោកខាងលិចត្រូវតែបញ្ចប់ការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ី ដែលបានផ្តល់ឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឥទ្ធិពលនយោបាយលើលោកខាងលិច។

«បេសកកម្មរបស់យើងគឺច្បាស់លាស់៖ ការទូត នយោបាយ សេដ្ឋកិច្ច និងសូម្បីតែយោធា។ ការផ្សងព្រេងដ៏អាក្រក់ និងព្រៃផ្សៃនេះរបស់ ពូទីន ត្រូវតែបញ្ចប់ដោយបរាជ័យ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស៕