(គៀវ)៖ រដ្ឋមន្ត្រីនៃរដ្ឋាភិបាលអ៊ុយក្រែនម្នាក់ បាននិយាយថា យ៉ាងហោចណាស់យន្តហោះចំនួន០៦គ្រឿង ឧទ្ធម្ភាគចក្រចំនួន០២គ្រឿង ព្រមទាំងឧបករណ៍រថពាសដែកសត្រូវរាប់សិបគ្រឿងត្រូវបានបំផ្លាញ ខណៈដែលអ៊ុយក្រែនបានការពារខ្លួនពីការឈ្លានពានរបស់រុស្សី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រីរូបនេះបានអះអាងថា កងកម្លាំងការពារជាតិអ៊ុយក្រែនកំពុងរារាំងការឈានទៅមុខរបស់ពួកឈ្លានពានរុស្ស៊ី ដោយបានដុតរថក្រោះចំនួន០៤គ្រឿងនៅជិតទីក្រុង Kharkiv ផងដែរ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko នៅថ្ងៃព្រហស្បតិ៍នេះដែរបានអះអាងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចាប់ទាហានថ្មើរជើងរុស្ស៊ីពីរនាក់ ធ្វើជាអ្នកទោស៕