(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានប្តេជ្ញានៅថ្ងៃសុក្រនេះថា លោកនឹងបន្តស្នាក់នៅក្នុងទីក្រុងកៀវ (Kyiv) ទោះបីជាដឹងថា កងទ័ពរុស្ស៊ីកំពុងសំដៅមកកាន់រដ្ឋធានីនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងព្យាយាមទប់ទល់ យ៉ាងក្តៅគគុកក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោងយ៉ាងដំណំ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការវាយលុកអ៊ុយក្រែន កាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០,០០០នាក់បានរត់ភៀសខ្លួនចេញពីលំនៅឋាន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ តាមផ្លូវរថភ្លើងក្រោមដី។ អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះ, មនុស្ស ១៣៧នាក់បានស្លាប់ និង ៣១៦នាក់រងរបួស ក្នុងសង្គ្រាមរយៈពេលតែ ១ថ្ងៃដំបូងប៉ុណ្ណោះ។

ចំពោះមុខស្ថានការណ៍ដ៏តានតឹងបំផុតនេះ លោក Volodymyr Zelensky បានថ្លែងប្រាប់ប្រជាជាតិលោក និងពិភពលោកទាំងមូល តាមរយៈសារជាវីដេអូនៅថ្ងៃសុក្រនេះថា «សត្រូវបានចាត់ទុកខ្ញុំ គឺជាគោលដៅទីមួយ... ហើយគ្រួសាររបស់ខ្ញុំ គឺជាគោលដៅទី ២។ ពួកគេចង់កម្ទេចប្រព័ន្ធនយោបាយអ៊ុយក្រែន ដោយការកម្ទេចប្រមុខរដ្ឋ។ ខ្ញុំនឹងស្នាក់នៅក្នុងរដ្ឋធានីនេះ។ គ្រួសាររបស់ខ្ញុំ ក៏ស្នាក់នៅអ៊ុយក្រែនផងដែរ»៕