(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថាលោកបានពិភាក្សាជាបន្ទាន់ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទោះបីជាមិនទាន់អាចកែប្រែចិត្តរបស់លោក ពូទីនបានក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមលោក ម៉ាក្រុង កិច្ចសន្ទនារបស់លោកជាមួយលោក ពូទីន ប្រព្រឹត្តទៅដោយភាពស្មោះត្រង់, ដោយផ្ទាល់ និងបន្ទាន់ តបតាមសំណើរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។ «ខ្ញុំមិនអាចមានឥទ្ធិពលអ្វីទេនៅពេលនេះ ដូចដែលអ្នកបានឃើញស្រាប់ ពីព្រោះប្រធានាធិបតីរុស្ស៊ីបានជ្រើសរើសយកការធ្វើសង្រ្គាមរួចស្រេចទៅហើយ»។ នេះជាការបញ្ជាក់របស់លោក ម៉ាក្រុង។

លោក ម៉ាក្រុង បន្ថែមថាលោក Zelenskiy បានស្នើឱ្យរូបលោកបញ្ចុះបញ្ចូលឱ្យលោក ពូទីន បញ្ឈប់ប្រតិបត្តិការយោធា ហើយត្រឡប់មករកតុចរចា វិញ ដ្បិតមេដឹកនាំអ៊ុយក្រែនរូបនេះមិនអាចទាក់ទងជាមួយលោក ពូទីនបាន៕