(ស៊ីដនី)៖ ប្រទេសអូស្ត្រាលី និងជប៉ុននៅថ្ងៃសុក្រនេះ ទើបតែបានប្រកាសចេញនូវ ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបនឹងសង្គ្រាមនៅអ៊ុយក្រែន ដែលបានផ្តាច់ជីវិតមនុស្ស ១៣៧នាក់ និងរបួសជាង ៣០០នាក់ តែក្នុងមួយថ្ងៃដំបូងប៉ុណ្ណោះ នៃការវាយលុកដោយកងទ័ពរុស្ស៊ីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន ( Scott Morrison) បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «យើងនឹងធ្វើការងារជាមួយ ដៃគូនានារបស់យើង ដើម្បីបញ្ចេញនូវរលកនៃទណ្ឌកម្មមួយ និងការបន្តដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី»

បើតាមលោក Morrison ទណ្ឌកម្មថ្មីបន្ថែមទៀតនេះ មានគោលដៅប្រឆាំងបុគ្គលមានឥទ្ធិពលនៅរុស្ស៊ី និងសភាជិកសភារបស់រុស្ស៊ីជាង ៣០០នាក់ ដែលបានបោះឆ្នោតគាំទ្រ ឲ្យមានសង្គ្រាមនៅអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ ក៏បានឆ្លៀតរិះគន់ប្រទេសចិន ដែលបានធ្វើការបន្ធូរបន្ថយការរឹតត្បិត ផ្នែកពាណិជ្ជកម្មជាមួយរុស្ស៊ី នៅក្នុងកាលៈទេសៈបែបនេះផងដែរ។

ដោយឡែកសម្រាប់ប្រទេសជប៉ុនវិញ, លោកនាយករដ្ឋមន្ត្រី ហ្វឹមីអុ គីហ្ស៊ីដា (Fumio Kishida) ក៏ទើបបោះជំហានស្រដៀងនឹងសហរដ្ឋអាមេរិកផងដែរ ដោយការសម្រេចដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី និងហាមឃាត់ការនាំចេញ គ្រឿងបរិក្ខាពាក់ព័ន្ធនឹងវិស័យយោធាទៅរុស្ស៊ីផងដែរ៕