(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកុំឱ្យបណ្ដាប្រទេសដទៃលូកដៃចូលជួយអ៊ុយក្រែន បើពុំដូច្នោះទេពួកគេនឹងត្រូវជួប ផលវិបាកយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ ខណៈការព្រមាននេះត្រូវបានក្រុមប្រទេសលោកខាងលិចព្រួយបារម្ភពីផ្ទូះអាវុធនុយក្លេអ៊ែរសំណាក់រុស្ស៉ី។

លោក ពូទីន ធ្វើការព្រមានបែបនេះនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ភ្លាមៗក្រោយលោកប្រកាសធ្វើប្រតិបត្តិការយោធាប្រឆាំង អ៊ុយក្រែន។ បុរសខ្លាំងរុស្ស៊ីរូបនេះ មិនបាននិយាយដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប៉ុន្តែការព្រមានរបស់លោកកំពុងបង្កឱ្យមានការព្រួយបារម្ភពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែន រាលដាលដល់ប្រទេសជាសមាជិក NATO ដទៃ នៅក្នុងតំបន់អឺរ៉ុបខាងកើត ក្បែរខាងរុស្ស៊ី។

អ៊ុយក្រែនមិនមែនជាសមាជិក NATO ឡើយ ហើយសហរដ្ឋអាមេរិកក៏បានបញ្ជាក់ហើយដែរថា ខ្លួននឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធ ជាមួយកងទ័ពរុស្ស៊ីនោះទេ។ តែទីក្រុងវ៉ាស៊ីនតោនបានអះអាងថា នឹងចេញមុខចូលជួយភ្លាមៗ បើរុស្ស៊ីឈ្លានពានប្រទេសជាសមាជិក NATO អនុលោមតាមមាត្រា៥ ដែលចែងថា ការវាយប្រហារលើសមាជិក NATO គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ត្រូវចាត់វិធានការឆ្លើយតប៕