(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺទ្រីយ៉ង់ (Jean-Yves Le Drian) បាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាំបាច់ត្រូវតែដឹងឱ្យច្បាស់ថានៅពេលដែលគំរាមពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ លោកផ្ទាល់កុំភ្លេចថា NATO ក៏មានអាវុធនុយក្លេអ៊ែរដែរ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ឡឺទ្រីយ៉ង់ ធ្វើការកត់សម្គាល់ខាងលើ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ដែលបានសាកសួរពីការគំរាមរបស់លោក ពូទីន ដែលថា ប្រទេសណាដែលហ៊ានលូកដៃចូលជួយអ៊ុយក្រែន នឹងត្រូវជួបផលវិបាកធ្ងន់ធ្ងរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយការគំរាមបែបនេះកំពុងបង្កឱ្យ មានការព្រួយបារម្ភថាបុរសខ្លាំងរុស្ស៊ីរូបនេះចង់និយាយសំដៅលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ឡឺទ្រីយ៉ង់ បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, ខ្ញុំយល់ថា លោក វ្ល៉ាឌីមៀ ពូទីន ក៏ត្រូវតែដឹងឱ្យច្បាស់ផងដែរថា NATO ក៏មានអាវុធនុយក្លេអ៊ែរដែរ ហើយនេះគឺជាអ្វីដែលចង់និយាយ»

តែទោះជាបែបនេះក្ដី រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះនៅតែបញ្ជាក់ជំហរដដែលថា NATO នឹងមិនដឹកនាំការធ្វើអន្តរាគមន៍យោធាចូលជួយអ៊ុយក្រែន នោះឡើយ៕