(ព្រុចសែល)៖ សហភាពអឺរ៉ុបនៅថ្ងៃសុក្រនេះ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីទៀតទៅលើរុស្ស៉ី ដែលនឹងផ្តោតចំពោះវិស័យហិរញ្ញវត្ថុ ថាមពល និងដឹកជញ្ជូនរបស់ប្រទេសនេះ ដើម្បីឆ្លើយតបចំពោះបើកប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនដឺ លីយែន (Ursula von der Leyen) បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) យ៉ាងដូច្នេះថា «ការដាក់ទណ្ឌកម្មថ្មីនេះ នឹងមានឥទ្ធិពលក្នុងកម្រិតអតិបរមាតែម្តង ទៅលើសេដ្ឋកិច្ចនិងថ្នាក់ដឹកនាំនយោបាយរបស់រុស្ស៉ី។ យើងនឹងធ្វើឱ្យរុស្ស៉ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»

បើតាមលោកស្រី von der Leyen ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ នឹងកាត់ផ្តាច់ទីផ្សារហិរញ្ញវត្ថុសំខាន់ៗបំផុតរបស់រុស្ស៉ី ហើយទណ្ឌកម្មនេះ នឹងដាក់គោលដៅទៅលើ ៧០ភាគរយនៃទីផ្សារធនាគារក៏ដូចជាក្រុមហ៊ុនរដ្ឋរបស់រុស្ស៉ី។ ជាមួយគ្នានេះ ក្រុមថ្នាក់ដឹកនាំនយោបាយរុស្ស៉ី ក៏ត្រូវទទួលរងការដាក់កំហិត ដែលនឹងពិបាកឱ្យពួកគេអាចលាក់ទ្រព្យសម្បត្តិនៅក្នុងទឺកអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា ជាចុងក្រោយ បម្រាមលើការនាំចេញ នឹងត្រូវដាក់ទៅលើវិស័យប្រេងរបស់រុស្ស៉ី ហើយហាមរាល់ការលក់គ្រឿងបន្លាស់ និងបរិក្ខាយន្តហោះនានា ឱ្យទៅក្រុមហ៊ុនអាកាសចរណ៍រុស្ស៉ី ដែលលោកស្រី von der Leyen អះអាងថា នឹងប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចនិងការតភ្ជាប់របស់ប្រទេសរុស្ស៉ី។ រីឯអ្នកការទូត ក្រុមពាក់ព័ន្ធ និងធុរជនរុស្ស៉ី នឹងមិនទទួលបានសិទ្ធិពិសេសនៅសហភាពអឺរ៉ុបទៀតឡើយ៕