(កៀវ)៖ កាលពីពេលទាបភ្លឺថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុងកៀវ) មូលដ្ឋានយោធានៅតាមទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារដោយគ្រាប់ផ្លោង រួមទាំងគ្រាប់មីស៉ីល ខណៈរុស្ស៉ីកំពុងបន្តប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

ប្រភពពីប្រជាជនខ្មែរដែលកំពុងរស់នៅអ៊ុយក្រែនផ្ទាល់ បានអះអាងថា កាលពីវេលាម៉ោងប្រមាណជា ០៤៖៣០នាទីទាបភ្លឺ ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ យោធារុស្ស៉ីបានធ្វើការផ្លោងគ្រាប់និងបាញ់មីស៉ីល ស្រោចទៅលើមូលដ្ឋានយោធា នៅតាមទីក្រុងផ្សេងៗរបស់ប្រទេសអ៊ុយក្រែន រួមមានទាំងរដ្ឋធានីកៀវផងដែរ។ សម្រាប់ចំនួនមនុស្សរងគ្រោះថ្នាក់ ស្លាប់និងរបួស គឺមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍បឋម មួយថ្ងៃដំបូង (ថ្ងៃទី២៤ ខែកុម្ភៈ) នៃប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន បានផ្តាច់ជីវិត មនុស្សសរុប១៣៧នាក់ និងបង្កឱ្យរបួសជាង ៣០០នាក់ផ្សេងទៀត។ បើតាមក្រុមមន្ត្រីអាមេរិក កងទ័ពរុស្ស៊ីកំពុងសំដៅទៅកាន់រដ្ឋធានីកៀវ ក្រោមផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។ ខាងរុស្ស៊ីមិនទាន់ឆ្លើយតបអ្វីទេ តែលោក ពូទីនធ្លាប់អះអាងថារុស្ស៊ីគ្មានផែនការបែបនេះទេ ហើយថាប្រតិបត្តិការយោធារបស់ខ្លួនមានគោលដៅការពារជនស៊ីវិល និងប្រជាជន និយាយភាសារុស្ស៊ីដែលកំពុងរងការប្រល័យពូជសាសន៍ នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនតែប៉ុណ្ណោះ៕