(ប៉េកាំង)៖ ទោះបីជាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់ ភ្លើងគប់បានរលត់ទៅហើយ តែភាពក្លៀវក្លា និងភាពអស្ចារ្យមិនបញ្ចប់ជារៀងរហូត ស្មារតីអូឡាំពិកមុខជានឹងបន្តវេន ពីមួយជំនាន់ទៅមួយជំនាន់ ក៏ដូចជាទ្រព្យស្មារតីដ៏មានតម្លៃ និងសម្បតិ្តបេតកភ័ណ្ឌ ដែលការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបន្សល់ទុកឱ្យពិភពលោកក៏នឹងបន្តវេន និងផ្សព្វផ្សាយជាយូរអង្វែងផងដែរ។

កាលពីថៃ្ងទី ៧ ខែកុម្ភៈ លោក Max Parrot កីឡាករកាណាដាទទួលបានមេដាយមាសក្នុងវិញ្ញាសា Slopestyle ជិះក្តារស្គីផ្នែកបុរស ប៉ុន្តែមនុស្សជាច្រើនប្រហែលមិនដឹងថា លោក Max Parrot ត្រូវបានរកឃើញថា បានឆ្លងជំងឺមហារីកកាលពីឆ្នាំ ២០១៨ ។ នាឆ្នាំ ២០១៩ លោក Max Parrot បានទទួលការព្យាបាលដោយប្រើគីមីចំនួន ១២ ដង ហើយទីបំផុតលោកបានយកឈ្នះលើយាយីពីជំងឺនេះ ត្រឡប់ទៅសង្វៀនប្រកួតវិញនិងទទួលបានជ័យលាភីជើកឯកដោយជោគជ័យ។

បើនិយាយចំពោះលោក Hanyu Yuzuru អត្តពលិកវិញ្ញសាជិះស្គីទឹកកក Figure Skating របស់ជប៉ុន ដែលបានចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះ ក្តីសុបិនដ៏ធំបំផុតរបស់លោក គឺចង់ប្រកួតប្រជែងគ្នានឹងដែនកំណត់ នៃកាយសម្បទារបស់មនុស្សជាតិ ពោលគឺចលនា Axel Jump (ហៅកាត់ 4A ) ដែលមិនធ្លាប់មាននរណាម្នាក់អាចសម្រេចបាននូវចលនាបែបនេះ ។ បន្ទាប់ពីទទួលបរាជ័យក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង លោក Hanyu Yuzuru បាននិយាយថា៖ «សូមទុកពេលឲ្យខ្ញុំបន្តិចទៀត ខ្ញុំមិនចង់បញ្ចប់ដូចនេះទេ»។

នាង Fan Kexin កីឡាការិនីជិះស្គីល្បឿនលឿនចម្ងាយខ្លីរបស់ចិន បានចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាចំនួនបីលើក។ នៅក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះ នាងបានរួមសហការជាមួយសមាជិកក្រុមប្រកួតរបស់ខ្លួន ទទួលបានមេដាយមាស ក្នុងការប្រកួតផ្តាច់ព្រ័ត្រខាងរត់បណ្តាក់ តាមក្រុមចម្រុះចម្ងាយ ២០០០ ម៉ែត្រ នៃវិញ្ញាសាជិះស្គីល្បឿនលឿនលើផ្លូវរត់ខ្លី ព្រមនិងទទួលបានមេដាយសំរឹទ្ធិ លើវិញ្ញាសារត់បណ្តាក់ចម្ងាយ ៣០០០ម៉ែត្រផ្នែកនារី។ នាង Fan Kexin បាននិយាយថា «ខ្ញុំបានរង់ចាំទទួលបានមេដាយមាសនេះ អស់រយៈពេល ១២ ឆ្នាំមកហើយ»។

នាង Claudia Pechstein កីឡាការិនីជិះស្គីល្បឿនលឿនចម្ងាយខ្លីរបស់អាល្លឺម៉ង់ ដែលមានអាយុ ៤៩ឆ្នាំ ជាកីឡាការិនីដែលមានអាយុច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានីមួយៗ។ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះ កំណត់ត្រាអូឡាំពិករបស់នាង ដែលបានកាន់កាប់អស់រយៈពេល ២០ឆ្នាំ ត្រូវបានបំបែកដោយគូប្រជែងរបស់នាង ប៉ុន្តែនាងបាននិយាយថា នាងពិតជាដឹងគុណខ្លាំងណាស់ដែលបានមកទីក្រុងប៉េកាំង។ «ខ្ញុំបានឆ្លងផុតខ្សែបន្ទាត់បញ្ចប់ដោយមានទឹកមុខញញឹម ហើយខ្ញុំសម្រេចបាននូវគោលដៅរបស់ខ្លួន ព្រោះនេះជាការប្រកួតកីឡាអូឡាំពិកលើកទី ៨ របស់ខ្ញុំ»

សូមរំលឹកថា អ្នកផងទាំងពួងក៏បានចាប់អារម្មណ៍ថា កីឡាករមួយចំនួន ដែលបានចូលរួមក្នុងវិញ្ញាសាជិះស្គីភ្នំអាល់ផែន ដូចជា កីឡាករហ្វីលីពីន Asa Miller កីឡាករឥណ្ឌា Arif Mohd KHAN និងកីឡាករប៉ាគីស្ថានជាដើម សុទ្ធសឹងតែជាអត្តពលិកតែម្នាក់គត់ នៃគណៈប្រតិភូកីឡាអូឡាំពិករបស់ប្រទេសរៀងខ្លួន ដែលទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២។ យើងដឹងច្បាស់ថា ប្រទេសទាំងនេះគឺដូចជាប្រទេសកម្ពុជាដែរ សុទ្ធតែជាប្រទេសត្រូពិចដែលគ្មានធ្លាក់ព្រិលពេញមួយឆ្នាំ។

សូមបញ្ជាក់ថា ជំនឿចិត្តដែលមិនបោះបង់ចោលជារៀងរហូត មិនត្រឹមតែធ្វើឱ្យអត្តពលិកយកឈ្នះលើខ្លួនឯងឥតឈប់ឈរ នៅលើសង្វៀនប្រកួតប៉ុណ្ណោះទេ ថែមទាំងក៏បានបកស្រាយយ៉ាងរស់រវើក ពីបាវចនាអូឡាំពិក ពោលគៗ «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំងក្លានិងកាន់តែសាមគ្គីភាព» ដែលនឹងក្លាយជាអនុស្សាវរីយ៍ដ៏ចែងចាំងបំផុត៕