(កៀវ)៖ កងទ័ពរុស្ស៊ី និងអ៊ុយក្រែនត្រូវបានគេរាយការណ៍ថា កំពុងប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅជាយរដ្ឋធានីកៀវ (Kyiv) គិតត្រឹមពេលព្រឹកព្រហាមថ្ងៃសៅរ៍នេះ (ម៉ោងនៅក្នុងតំបន់) ខណៈអាជ្ញាធរអ៊ុយក្រែនបានអំពាវនាវឲ្យប្រជាជនទាំងអស់ ជួយការពារទីក្រុងនេះ ពីការឈ្លានពានរបស់កងទ័ពរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

សាក្សីនៅជិតកន្លែងកើតហេតុ និងអ្នកសារព័ត៌មានអន្តរជាតិនានា ដែលកំពុងប្រថុយគ្រោះថ្នាក់រង់ចាំតាមដានស្ថានការណ៍ នៅក្នុងទីក្រុងកៀវផ្ទាល់ បានអះអាងថា សំឡេងបាញ់កាំភ្លើងធំ និងស្នូរកាំភ្លើងជាច្រើន ត្រូវបានលាន់ឮនៅតំបន់ជាយទីក្រុងកៀវ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយ ពីភាគកណ្តាលរដ្ឋធានីនេះ គិតត្រឹមពេលព្រឹកព្រហាមថ្ងៃសៅរ៍នេះ។

នៅមុននេះប៉ុន្មានម៉ោង, កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានបង្ហោះសារនៅលើគណនី Facebook របស់ពួកគេថា «ក្រុមឧក្រិដ្ឋជនយោធានៃប្រទេសរុស្ស៊ី បានវាយប្រហារអង្គភាពយោធាមួយក្នុងទីក្រុងគៀវ ស្ថិតនៅតាមវិថីជ័យជំនះ។ តែការវាយប្រហារនោះ ត្រូវបានទប់ស្កាត់វិញ»

ខណៈការប្រយុទ្ធគ្នា នៅតែបន្តយ៉ាងក្តៅគគុកនោះ, រដ្ឋាភិបាលរុស្ស៊ី និងរដ្ឋាភិបាលអ៊ុយក្រែនបានផ្តល់តំរុយថា កិច្ចចរចាដ៏បើកចំហមួយរវាងប្រទេសទាំងពីរ នឹងអាចកើតមានឡើង ដែលជាការផ្តល់ក្តីសង្ឃឹមដំបូងមួយ គិតចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកម្ភៈ។ យ៉ាងណាក៏ដោយ, នៅមិនទាន់មានប្រភពណាអាចបញ្ជាក់បានថា កិច្ចចរចានឹងអាចកើតឡើងនៅពេលណា ឬក៏នៅទីកន្លែងទីណាឲ្យប្រាកដឡើយ៕