(ប៉េកាំង)៖ នៅថៃ្ងទី ២៥ ខែកុម្ភៈ នៅពេលជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសចិនបានសម្រេចគោលជំហររបស់ខ្លួន ដោយសំអាងតាមត្រូវនិងខុសនៃបញ្ហាអ៊ុយក្រែន គួរតែលុបចោលគំនិតសង្គ្រាមត្រជាក់ យកចិត្តទុកដាក់និងគោរព ចំពោះកាយកចិត្តទុកដាក់ផ្នែកសន្តិសុខ ដ៏សមហេតុផលរបស់បណ្តាប្រទេសនានា ក៏ដូចជាបង្កើតជាយន្តការសន្តិសុខអឺរ៉ុប ដែលមានតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាពតាមរយៈការចរចា។ ចិនគាំទ្ររុស្ស៊ីនិងអ៊ុយក្រែនដោះស្រាយបញ្ហា តាមរយៈការចរចា ។ ជាការឆ្លើយតប លោក ពូទីន បានថ្លែងថា រុស្ស៊ីរីករាយធ្វើការចរចាជាន់ខ្ពស់ជាមួយអ៊ុយក្រែន។

នេះគឺជាកិច្ចជំនួបពិភាក្សាតាមទូរស័ព្ទដ៏សំខាន់មួយលើក ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់ចិន សម្រាប់ជំរុញការដោះស្រាយបញ្ហាអ៊ុយក្រែន តាមវិធីនយោបាយផងដែរ ។ ការជំរុញឱ្យភាគីទាំងពីររុស្ស៊ី និងអ៊ុយក្រែនធ្វើការចរចាសន្តិភាពរបស់ប្រទេសចិន បានផ្តល់គម្រោងសម្រាប់ដោះស្រាយបញ្ហាអ៊ុយក្រែន តាមវិធីនយោបាយដែលបានបង្ហាញឱ្យឃើញ នូវកាតព្វកិច្ចរបស់ប្រទេសមហាអំណាចលើពិភពលោក ប្រកបដោយទំនួលខុសត្រូវ។

ព្រមពេលជាមួយគ្នានេះ កិច្ចជំនួបពិភាក្សាតាមទូរស័ព្ទរវាង មេដឹកនាំកំពូលរបស់ចិននិងរុស្ស៊ីលើកនេះ ក៏បានបញ្ចេញសញ្ញាដ៏សំខាន់មួយ ពោលគឺ ទោះបីជាបានផ្ទុះការប៉ះទង្គិចផ្នែកយោធារវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ក៏នៅតែមានច្រកចេញសម្រាប់ឱ្យភាគីទាំងពីរដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនាផងដែរ ។ ការសម្តែងអាកប្បកិរិយាទាំងនេះ បានបង្ហាញយ៉ាងពេញលេញថា ទ្វារសម្រាប់ដោះស្រាយបញ្ហាអ៊ុយក្រែន តាមវិធីនយោបាយមិនត្រូវបានបិទនោះទេ ។ ការធ្វើបដិបក្ខគ្នាមិនអាចដោះស្រាយបញ្ហាបានទេ កិច្ចសន្ទនាទើបជាជម្រើសប្រកបដោយវិចារណញ្ញាណ សម្រាប់ដោះស្រាយវិបត្តិអ៊ុយក្រែន។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា នៅថៃ្ងទី ២៥ ខែកុម្ភៈ ខណៈពេលលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញពីក្តីបំណង ដែលចង់ធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី ប៉ុន្តែព្រមពេលជាមួយគ្នានេះ លោកក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអង្គការណាតូផងដែរ ។ លោក Volodymyr Zelensky បានលើកឡើងថា លោកបានសួរទៅកាន់មេដឹកនាំនៃប្រទេសអឺរ៉ុបចំនួន ២៧ ថា តើអ៊ុយក្រែនអាចចូលជាសមាជិកនៃអង្គការណាតូបានឬអត់ ប៉ុន្តែសុទ្ធតែមិនបានទទួលការឆ្លើយតបណានោះឡើយ ។ «ប្រទេសលោកខាងលិច បានបោះបង់ចោលអ៊ុយក្រែនទាំងស្រុងហើយ»

សូមរំលឹកថា ទាក់ទិននឹងបញ្ហាអ៊ុយក្រែន ដែលបានវិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះ អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកមានទំនួលខុសត្រូវដែលមិនអាចបដិសេធបាន ។ បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកបានជំរុញអង្គការណាតូឱ្យវាតទីទៅ ខាងកើតចំនួន ៥ លើកដែលបាននិងកំពុងបង្ករការគំរាមកំហែង ដល់បរិយាកាសសន្តិសុខនៅប្រទេសជិតខាងនៃរុស្ស៊ីឥតឈប់ឈរ។ នេះជាប្រភពដើមដែលបណ្តាលឱ្យទំនាក់ទំនងរវាងរុស្ស៊ី អាមេរិកនិងអង្គការណាតូមានភាពតានតឹង ព្រមទាំងស្ថានការណ៍ឡើងកម្តៅជាបន្តបន្ទាប់។

យោងតាមការផ្សាយដំណឹងថ្មីបំផុតបានឱ្យដឹងថា លោក Dmitry Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី បានលើកឡើងថា លោក ភូទីន ត្រៀមនឹងចាត់បញ្ជូនគណៈប្រតិភូរុស្ស៊ីទៅកាន់ទីក្រុង Minsk ដើម្បីធ្វើការចរចាជាមួយគណៈប្រតិភូអ៊ុយក្រែន ។ សហគមន៍អន្តរជាតិរំពឹងថា រុស្ស៊ីនិងអ៊ុយក្រែនអាចរក្សាភាពស្ងប់ស្ងាត់ និងប្រកាន់ឥរិយាបថដែលប្រកបដោយវិចារណញ្ញាណ ស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិភាពតាមរយៈការចរចា ។ គោលជំហរជាមូលដ្ឋានរបស់ចិន ចំពោះការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដី នៃបណ្តាប្រទេសនានាព្រមទាំងគោរពតាមកម្មវត្ថុនិងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ គឺ ជាប់រហូតនិងជាក់ច្បាស់ ពោលគឺ ប្រទេសចិននឹងបន្តជំរុញដល់ការចរចាសន្តិភាពតាមរប្រៀបរបស់ខ្លួន ដើម្បីជំរុញការដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ៕ (#CCFR Comment#)