(អឺរ៉ុប)៖ ប្រទេសដីកោះស៊ីប (Cyprus) ដែលស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ បាននិងកំពុងរៀបចំបិទដែនអាកាសរបស់ខ្លួន មិនឲ្យយន្តហោះរុស្ស៊ីឆ្លងកាត់នោះឡើយ ក្នុងនោះបូករួមទាំងជើងហោះហើរពិសេស (charter flight) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា សេចក្តីប្រកាសដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល នៃប្រទេសស៊ីបខាងលើនេះ បានកើតមានឡើងក្រោយពីបណ្តាប្រទេសអឺរ៉ុប បូករួមនឹងប្រទេសកាណាដាផងដែរ បានសម្រេចបិទដែនអាកាសរបស់ពួកគេ មិនឲ្យយន្តហោះរុស្ស៊ីហោះឆ្លងកាត់។ ទាំងអស់នេះជាចំណាត់ការរបស់ បណ្តាប្រទេសលោកខាងលិច ដែលមិនធ្លាប់កើតមាននោះឡើយពីមុនមក៕