(វ៉ាស៊ីនតោន)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា ហ្វុន ឌែរ លេយិន (Ursula von der Leyen) បានបង្ហាញការគំាទ្រ និងចង់ឱ្យ អ៊ុយក្រែនក្លាយជាសមាជិកសហភាពអឺរ៉ុប (EU) ដោយហៅអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធជាមួយរុស្ស៊ី ជា «ផ្នែកមួយរបស់ពួកយើង»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី ហ្វុន ឌែរ លេយិន ធ្វើការកត់សម្គាល់ខាងលើប្រាប់សារព័ត៌មាន Euronews កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស បានសម្រេចចិត្តជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបញ្ជូនអាវុធ ឱ្យប្រទេសមួយដែលកំពុងធ្វើសង្រ្គាម។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ជំនួយអាវុធផ្ដល់ឱ្យអ៊ុយក្រែនមានទំហំទឹកប្រាក់ប្រមាណ ៥០៧លានដុល្លារ។

ថ្លែងប្រាប់ Euronews លោកស្រី ហ្វុន ឌែរ លេយិន បានបញ្ជាក់បន្ថែមដូច្នេះថា «ចាំបាច់ណាស់ក្នុងពេលនេះ, ពួកគេ (អ៊ុយក្រែន) ប្រៀបដូចជា សមាជិករបស់ពួកយើង។ ពួកគេគឺជាផ្នែកមួយរបស់ពួកយើង ហើយយើងចង់ឱ្យពួកគេចូលជាសមាជិក (សហភាពអឺរ៉ុប»

គួរបញ្ជាក់ថា អ៊ុយក្រែន ដែលជារដ្ឋប្រជាធិបតេយ្យមួយមានប្រជាជនជាង ៤៤លាននាក់ បានទទួលឯករាជ្យពីរុស្ស៊ីកាលពីឆ្នាំ១៩៩១ ក្រោយការ ដួលរលំរលាយនៃអតីតសហភាពសូវៀត។ អ៊ុយក្រែន បានប្រើពេលអស់ជាច្រើនឆ្នាំមកហើយ ដើម្បីរង់ចាំអនុញ្ញាតឱ្យចូលជាសមាជិក NATO និងសហភាពអឺរ៉ុប។ ប៉ុន្តែ ចេតនានៃការងាកទៅរកលោកខាងលិចនេះហើយ ត្រូវបានក្រុមអ្នកជំនាញមើលឃើញថាហេតុផលមួយធ្វើឱ្យ សង្រ្គាមផ្ទុះឡើង ខណៈរុស្ស៊ីក៏ធ្លាប់បានព្រមានហើយដែរការចូលជាសមាជិកប្លុកលោកខាងលិចទាំង២នេះ គឺជាទង្វើបំពានបន្ទាត់ក្រហមរបស់ខ្លួន៕