(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានអនុម័តបើកភ្លើងខៀវនៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ (ម៉ោងនៅញូយ៉ក) ដើម្បីស្នើឲ្យមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បើកកិច្ចប្រជុំបន្ទាន់មួយ តបតាមការទទូចរបស់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនៃប្រទេសសមាជិកទាំង ១៥ របស់់ UNSC ដើម្បីសម្រេចរឿងខាងលើនេះ, ប្រទេសចំនួន ១១ បានបោះឆ្នោតគាំទ្រ និងរុស្ស៊ីតែឯងបានបោះឆ្នោតប្រឆាំង ខណៈប្រទេសចិន ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម បានបោះឆ្នោតធ្វើ «អនុប្បវាទ»។ ប្រទេសចិនបានទទូចថា សកម្មភាពនានារបស់ស្ថាប័ន UN គួរតែជួយធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់វិញ និងជំរុញដំណោះស្រាយផ្នែកការទូត៕