(វ៉ាស៊ីនតោន)៖ ក្រុមប្រតិភូចរចាមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវជួបមុខគ្នានៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅបេឡារុស) នៅឯតំបន់ ព្រំដែនរវាងអ៊ុយក្រែន និងបេឡារុស ស្ថិតនៅក្បែរទន្លេ ព្រីបយ៉ាត (Pripyat)។ ប៉ុន្តែថាតើកិច្ចចរចាតាមផ្លូវការទូតនេះអាចនឹងស្វែងរកច្រកចេញ ឬដំណោះស្រាយនយោបាយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បានដែរឬទេ?

* ចំណុចដែលគួរដឹងឱ្យច្បាស់៖ ជាការពិត, កិច្ចប្រជុំរវាងប្រតិភូរុស្ស៊ី និងអ៊ុយក្រែន មិនមែនជាកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីននោះទេ។ ប៉ុន្តែ វាគឺជាជំនួបរវាងក្រុមមន្ត្រីប្រតិភូមមកពីភាគីទាំងសងខាង។ ការិយាល័យរបស់លោក ហ្សេឡិនស្គី បានឱ្យដឹងថាប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌ័រ លូកាសឈិនកូ (Alexander Lukashenko) បានពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ហើយធានាថាខាងភាគីបេឡារុសជាអ្នកធានា សុវត្ថិភាព ដោយបញ្ជាក់ថា យន្ដហោះ, ឧទ្ធម្ភាគចក្រ និងមីស៊ីលនៅលើទឹកដីបេឡារុស នឹងមិនធ្វើសកម្មភាពអ្វីទេ កំឡុងការធ្វើដំណើររបស់ ប្រតិភូចរចា ទាំងទៅ និងមក។

* ប៉ុន្តែតើអ៊ុយក្រែនអាចទុកចិត្តការធានាពីលោក Lukashenko ដែរឬទេ៖ លោក Lukashenko គឺជាមេដឹកនាំម្នាក់ដែលអឺរ៉ុបហៅថាជនផ្ដាច់ការ និងជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ពូទីន។ មកដល់ដំណាក់កាលនេះ, ទោះជាទុកចិត្ត ឬមិនទុកចិត្ត អ៊ុយក្រែនមិនមានជម្រើស ល្អអ្វីក្រៅតែពីទទួលយកកិច្ចចរចាជាមួយរុស្ស៊ី នៅបេឡារុសសិននោះទេ។ ពីព្រោះថាទីក្រុងម៉ូស្គូ គឺជាអ្នកស្នើឱ្យមានកិច្ចចរចានេះឡើង ហើយ ក៏ធ្លាប់បានចោទអ៊ុយក្រែនផងដែរថាបានច្រានចោលកិច្ចចរចា។ ម្លោះហើយ បើអ៊ុយក្រែនមិនចូលរួម នោះរុស្ស៊ីនឹងកាន់តែមានលេសត្រឹមត្រូវ ក្នុងការបង្កើនការវាយលុក ដោយសំអាងថាអ៊ុយក្រែនខ្លួនឯងជាអ្នកបដិសេធមិនចង់ចរចា។

* តើជំនួបនេះអាចនឹងមានលទ្ធផល ដែរឬទេ? ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គីផ្ទាល់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញពីការរំពឹងតិចតួចប៉ុណ្ណោះ ចំពោះលទ្ធផលនៃកិច្ចចរចាជាមួយរុស្ស៊ី ដោយលោកយល់ថាអាចនឹងមានលទ្ធផលតិចតួចប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត តាមរយៈការប្រកាសរបស់លោក ពូទីន ឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ត្រៀមខ្លួនប្រយុទ្ធ ត្រូវបានគេមើលឃើញថាជាការដាក់សម្ពាធមួយលើអ៊ុយក្រែន រួចស្រេចទៅហើយ។ ម្លោះហើយអ្នកដែលរងសម្ពាធខ្លាំងបំផុត គឺអ៊ុយក្រែន ព្រោះ ថាគេពិបាកស្មានថាតើលោក ពូទីន នឹងធ្វើអ្វីបន្ទាប់ទៀត តើលោកពិតជាប្រើអាវុធនុយក្លេអ៊ែរមែន ឬក៏យ៉ាងណា៕

ប្រភព៖ CNN (ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២)