(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ីកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានលើកឡើងថា ការចោទប្រកាន់របស់លោកខាងលិចមកលើ រុស្ស៉ីថាជាអ្នកបង្កហេតុ ជាអ្នកបង្កសកម្មភាពឈ្លានពាន គឺជាការចោទប្រកាន់មិនសមហេតុផលនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀរ ហ្សាការ៉ូវ៉ា (Maria Zakharova) បានលើកឡើងយ៉ាងដូច្នេះថា «នៅក្រោមស្ថានភាព ដែលក្រុមប្រទេស NATO ហាក់គ្មានបំណងចង់ពង្រឹងសន្តិសុខយ៉ាងពិតប្រាកដ នៅអឺរ៉ុបផងនោះ យើងចាត់ទុកការព្យាយាមចោទប្រកាន់របស់ពួកគេថា យើងជាអ្នកបង្កហេតុ គឺជារឿងពុំសមហេតុផលឡើយ»

លោកស្រី Zakharova បានបន្តថា មុនចង់ឱ្យទីក្រុងម៉ូស្គូទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន បក្សសម្ព័ន្ធ NATO គួរទទួលខុសត្រូវជាមុនសិន សម្រាប់សកម្មភាពយោធារបស់ពួកគេ ហើយនិងការមិនអើពើចំពោះស្ថានការណ៍នៅតំបន់ដុនបាស់។ ក្រសួងការបរទេសរុស្ស៉ី បានអះអាងទៀតថា អាមេរិកនិងសម្ព័ន្ធមិត្តហាក់មិនចាប់អារម្មណ៍ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនទេ ដ្បិត NATO នៅតែគ្រោងបន្តផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន។

ទីក្រុងម៉ូស្គូបានសង្កត់ធ្ងន់ជាចុងក្រោយថា រុស្ស៉ីបានរងការព្យាយាមចោទប្រកាន់ជាច្រើនលើក អំពីការរំលោភកិច្ចព្រមព្រៀងឆ្នាំ១៩៩៧ រវាងរុស្ស៉ីនិង NATO ប៉ុន្តែផ្ទុយទៅវិញ NATO បានបន្តបង្កើនកម្លាំងនិងមូលដ្ឋានរបស់ខ្លួន នៅក្បែរព្រំប្រទល់រុស្ស៉ី ហើយខិតខំប្រើប្រាស់ធនធាន ដើម្បីអភិវឌ្ឍផែនការទប់ស្កាត់ប្រទេសរុស្ស៉ី។ ហេតុដូច្នេះហើយ រុស្ស៉ីមិនអាចពង្រើយកន្តើយចំពោះរឿងនេះដាច់ខាត ជាពិសេសនៅពេលដែលក្តីបារម្ភស្របច្បាប់ទាក់ទងនឹងសន្តិសុខរបស់រុស្ស៉ី ពុំត្រូវបានឆ្លើយតប៕