(វ៉ាស៊ីនតោន)៖ ប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន បាន និងកំពុងទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់បណ្ដាមហាអំណាច លោកខាងលិច ដែលចាត់ទុកថាទង្វើទីក្រុងម៉ូស្គូ ជាសកម្មភាពឈ្លានពាន។ សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ ក្រោយលោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេស ដែលលោកផ្ទាល់អះអាងថាធ្វើឡើងដើម្បីការពារ ជនស៊ីវិល និងពលរដ្ឋនិយាយភាសារុស្ស៊ី ពីការប្រល័យពូជសាសន៍ដោយរដ្ឋាភិបាលលោក ហ្សេឡិនស្គីន។

ដូចអ្វីដែលគេរំពឹងទុក អ៊ុយក្រែនគឺជាអ្នកតតាំងជាមួយយក្សរុស្ស៊ីតែម្នាក់ឯង ហើយអាមេរិក និងសម្ពន្ធមិត្ត NATO រួមទាំងបណ្ដាប្រទេសជាដៃគូ ក៏មិនបានបញ្ជូនកងទ័ពឱ្យទៅជួយនោះដែរ ដោយសុខចិត្តផ្ដល់ជំនួយនានា ក្នុងនោះរួមមានទាំងអាវុធឱ្យអ៊ុយក្រែនជំនួសវិញ។ អាមេរិក និងសម្ព័ន្ធមិត្តតែងតែអះអាងជារឿយៗពីសាមគ្គីភាព និងការប្ដេជ្ញាចិត្តប្រឆាំងនឹងអ្វីដែលពួកគេហៅថាអំណាចផ្ដាច់ការនៅជុំវិញពិភពលោក។
ចុះហេតុអ្វីទាំងអាមេរិក, NATO និងសហភាពអឺរ៉ុប មិនលើកទ័ពចូលជួយអ៊ុយក្រែនដែលជារដ្ឋប្រជាធិបតេយ្យ ដើម្បីប្រយុទ្ធតតាំងជាមួយរុស្ស៊ី?យើងអាចសាកល្បងយល់ពីហេតុផលទាំងនេះ៖

* ហានិភ័យផ្ទុះសង្រ្គាមលោកលើកទី៣៖ ការដាក់ ឬបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែនដែលមិនមែនជាសមាជិក NATO, វាគឺជាបន្ទាត់មួយដែល អាមេរិក និងសម្ពន្ធមិត្តលោកខាងលិច មិនចង់ដើររំលង។ តួយ៉ាង អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់រួចហើយថាអាមេរិក នឹងមិនបញ្ជូនកងទ័ពជួយអ៊ុយក្រែន ប្រយុទ្ធជាមួយរុស្ស៊ីឡើយ។

លោក ចូ បៃដិន កាលពីដើមខែកម្ភៈនេះ ក៏បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC ដែរថាវានឹងផ្ទុះទៅជា «សង្រ្គាមលោក» ប្រសិនកងទ័ពអាមេរិក និងរុស្ស៊ីចាប់ផ្ដើមបាញ់គ្រាប់ដាក់គ្នាទៅវិញទៅមក។ ដូចគ្នានេះដែរ ឧត្តមនីយ៍ទោអាមេរិកចូលនិវត្តន៍ លោក ម៉ាក ហាតលីន (Mark Hertling) ដែលបច្ចុប្បន្នជាអ្នកវិភាគខាងសន្តិសុខជាតិ និងយោធាប្រចាំ CNN បាននិយាយថាខណៈការឈ្លានពានរបស់រុស្ស៊ី គឺជាការបំផ្លិចផ្លាញក៏ពិតមែន តែវានៅតែជាជម្លោះមួយក្នុងតំបន់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បើអាមេរិក ឬ NATO បញ្ជូនកងទ័ពឱ្យជួយអ៊ុយក្រែន នោះវានឹង រាលដាលទៅជាសង្រ្គាមលោក ឬសង្រ្គាមចម្រុះជាតិសាសន៍ ដែលអឺរ៉ុបមិនចង់ឃើញវាកើតឡើងជាថ្មីនោះទេ ព្រោះពួកគេធ្លាប់បានភ្លក្សរួចហើយ រសជាតិនៃការបំផ្លិចបំផ្លាញ អំឡុងសង្រ្គាមលោកលើកទី១ និងទី២។

* ចុះកងទ័ពអាមេរិកនៅក្នុងតំបន់អឺរ៉ុប? បើតាមលោក ចូ បៃដិន ខណៈសហរដ្ឋអាមេរិកមានកងទ័ពរាប់ម៉ឺននាក់នៅទូទាំងតំបន់អឺរ៉ុប, ពួកគេនឹង មិនប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីដោយផ្ទាល់ឡើយ តែពួកគេត្រៀមខ្លួនជានិច្ច ដើម្បីការពារសម្ពន្ធមិត្ត NATO។

* តើក្នុងករណីបែបណា, ទើបអាមេរិក និង NATO លូកដៃ? អ៊ុយក្រែនមានព្រំដែនជាប់បណ្ដាប្រទេសអឺរ៉ុបខាងកើតមួយចំនួនដែលជាសមាជិក NATO ដូចជាប៉ូឡូញ, ស្លូវ៉ាគី, ហុងគ្រី និងរូម៉ានី។ ដូច្នេះ ប្រសិនបើរុស្ស៊ីឈ្លានពាន ឬក៏គំរាមកំហែងដល់ប្រទេសណាមួយក្នុងចំណោមប្រទេស ទាំងនេះ នោះសហរដ្ឋអាមេរិក រួមជាមួយបារាំង, អង់គ្លេស និងអាល្លឺម៉ង់ ពោលគឺប្រទេសជាសមាជិក NATO ទាំង ៣០ប្រទេស នឹងត្រូវតម្រូវឱ្យ លូកដៃធ្វើអន្តរាគមន៍យោធា ស្របទៅតាមមាត្រា ៥ ដែលចែងពី «សន្តិសុខសមូហភាព»។ បានន័យថាបើសមាជិកណាមួយរងការគំរាមកំហែង ឬរងការវាយប្រហារ នោះវាជាការវាយប្រហារ ឬគំរាមកំហែងដល់ NATO ទាំងមូល ដែលតម្រូវឱ្យបក្សសម្ពន្ធយោធាមួយនេះចាត់វិធានការ ឆ្លើយតប។

គួរបញ្ជាក់ថា បើតាមទិន្នន័យកាលពីឆ្នាំ២០២១ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ( SIPRI) មានមូលដ្ឋានក្នុងប្រទេស
ស៊ុយអែត សហរដ្ឋអាមេរិក មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៥,៥៥០គ្រាប់, បារាំងមាន ២៩០គ្រាប់ និងអង់គ្លេសមាន ២២៥គ្រាប់ ខណៈរុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ៦,០០០គ្រាប់៕