(មីនស្កិ៍)៖ ប្រជាជនបេឡារុស បានបោះឆ្នោតអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន។ នេះបើតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ការបោះឆ្នោតប្រជាមតិ បានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ចំពេលប្រទេសក្បែរខាងបេឡារុស គឺអ៊ុយក្រែន កំពុងរងការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី ហើយក្រុមប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងជួបចរចាគ្នានៅតំបន់ព្រំដែនបេឡារុស នៅថ្ងៃចន្ទនេះ។

ប្រធានគណៈកម្មការបោះឆ្នោតកណ្ដាលបេឡារុស លោក អ៉ីហ្គ័រ កាប៉ិនកូ (Igor Karpenko) បានឱ្យដឹងថាប្រជាជនដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិ, មាន ៦៥.១៦ភាគរយបានបោះឆ្នោតគាំទ្រ និង ១០.០៧ បោះឆ្នោតជំទាស់ទៅនឹងការអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើង ជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស។

គួរបញ្ជាក់ថា បើតាមលោក Karpenko អត្រាអ្នកចូលរួមបោះឆ្នោតប្រជាមតិនេះមាន ៧៨.៦៣ភាគរយ។ ការបោះឆ្នោតប្រជាមតិនេះ គឺជាផ្នែក មួយនៃការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយនឹងជួយពង្រឹងអំណាច និងការដឹកនាំរបស់លោកប្រធានាធិបតី អាឡិចហ្សាន់ឌ័ លូកាសឈិនកូ (Alexander Lukashenko) ដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៤មក៕