(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Larov) បាននិយាយថាលោកផ្ទាល់មិនជឿនោះទេថាជម្លោះនៅអ៊ុយក្រែន នឹងប្រែក្លាយ ទៅជាសង្រ្គាមនុយក្លេអ៊ែរ ប៉ុន្តែព្រមានសហរដ្ឋអាមេរិក និងអឺរ៉ុបថា ទីក្រុងមូស្គូមិនដែលចង់ពឹងផ្អែកលើបណ្ដាប្រទេសលោកខាងលិចទៀតទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

សេដ្ឋកិច្ចរុស្ស៊ី កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរជាថ្មីម្តងទៀតមិនធ្លាប់មាន ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត នាឆ្នាំ១៩៩១ បន្ទាប់ពីលោកខាងលិច បានដាក់ទណ្ឌកម្មមកលើប្រព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធសាជីវកម្ម ជុំវិញប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន។ យ៉ាងណាក៏ដោយ ឆ្លើយតបនឹងសំណួរ របស់អ្នកឆ្លងឆ្លើយព័ត៌មាននៃការសែតរុស្ស៊ី កុមមឺសាន់ (Kommersant) នៅក្នុងប្រទេសតួគីថាតើសង្រ្គាមនុយក្លេអ៊ែរអាចនឹងកើតឡើងដែរ ឬទេ? លោក ឡារ៉ូវ បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនចង់ជឿ ហើយក៏មិនជឿដែរថាសង្រ្គាមនេះអាចនឹងកើតឡើង»។

គួរបញ្ជាក់ថា បើតាមលោក សឺហ្គៃ ឡារ៉ូវ ដែលជារដ្ឋមន្រ្តីការបទេសរុស្ស៊ី ក្រោមការដឹកនាំរបស់លោក វ្ល៉ាឌីមៀ ពូទីន ចាប់តាំង២០០៤, ប្រធានបទ នុយក្លេអ៊ែរ ត្រូវបានលើកយកដាក់លើកិច្ចពិភាក្សារបស់ក្រុមប្រទេសលោកខាងលិចតែប៉ុណ្ណោះ ហើយអ្វីដែលសមាជិកសហភាពអឺរុប និងអង្គការ NATO ថា រុស្ស៊ីអាចនឹងបើកការវាយប្រហារប្រទេសដែលធ្លាប់ជាអតីតដែនដីសហភាពសូវៀត ដូចជាលីទុយអានី, ឡេតូនី និងអេស្តូនី គឺគ្រាន់តែជាការបោកបញ្ឆោតតែប៉ុណ្ណោះ៕