(ប៉េកាំង)៖ នៅថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ២០២២នេះ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានបើកសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដែលជាទូទៅត្រូវគេហៅថា មហាសន្និបាតទាំងពីរ។ មហាសន្និបាតទាំងពីរ គឺជាព្រឹត្តិការណ៍នយោបាយប្រចាំឆ្នាំធំជាងគេបំផុត នៅក្នុងប្រទេសចិន ដោយអ្នកតំណាងប្រជាជនប្រហែល៣,០០០នាក់ និងអ្នកពិគ្រោះយោបល់នយោបាយប្រហែល២០០០នាក់ ធ្វើដំណើរមកពីគ្រប់តំបន់នៅក្នុងប្រទេសចិន មកកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមសម័យប្រជុំទាំងពីរអង្គនេះ។

សភាតំណាងប្រជាជនទូទាំងប្រទេសចិន មានចរិតលក្ខណៈដូចជាសភាជាន់ខ្ពស់នៅក្នុងប្រទេសដទៃ ចំណែកឯសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បំពេញតួនាទីដូចជាសភាជាន់ទាប ដោយដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹង កិច្ចដំណើរការប្រជាធិបតេយ្យបែបសង្គមនិយម តាមរយៈការផ្ដល់យោបល់ជូនដល់ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ និងលើកនូវសំណើនានាពាក់ព័ន្ធនឹងបញ្ហាសង្គម និងបញ្ហានយោបាយសំខាន់ៗ។

របៀបវារៈសំខាន់ៗមួយចំនួនសម្រាប់សម័យប្រជុំទាំងពីរក្នុងឆ្នាំនេះ គឺការពិនិត្យវាយតម្លៃលើសមិទ្ធផល ដែលរដ្ឋាភិបាលចិនសម្រេចបាននាឆ្នាំកន្លងមក និងការវិវត្តរីកចម្រើននៃកិច្ចដំណើរការអនុវត្តផែនការប្រាំឆ្នាំលើកទី១៤ (២០២១ - ២០២៥) ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១។ គេរំពឹងថា នៅក្នុងចំណោមសមិទ្ធផលលេចធ្លោនានា ការសម្រេចគោលដៅទីមួយនៃខួបមួយរយឆ្នាំ នៃការកសាងសង្គមចិនឲ្យក្លាយជាសង្គមមួយ ដែលមានភាពរីកចម្រើនរុងរឿងកម្រិតមធ្យម ភាពរឹងមាំរបស់សេដ្ឋកិច្ចចិនក្នុងការទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រទេសចិន អាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច៨.១% ក្នុងឆ្នាំ២០២១ ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអូឡាពិករដូវរងារ បានត្រូវលើកមកបង្ហាញ នៅក្នុងសម័យប្រជុំទាំងពីរនេះ។

ទន្ទឹមនឹងនេះ សម័យប្រជុំទាំងពីរ ក៏បានផ្ដោតការពិភាក្សាទៅលើ ទិសដៅគោលនយោបាយ ផែនការនិងអាទិភាពនានា ដែលប្រទេសចិននឹងអនុវត្តនៅក្នុងឆ្នាំ២០២២នេះ។ ដោយអាទិភាពចម្បងចំពោះមុខសម្រាប់ឆ្នាំ២០២២ គឺការរក្សាស្ថេរភាពនៃកំណើនសេដ្ឋកិច្ចឲ្យបាន នៅក្នុងចន្លោះពី៥% ទៅ ៥,៥%។ ប្រទេសចិនសម្រេចបាននូវគោលដៅទីមួយ នៃខួបមួយរយឆ្នាំរបស់ខ្លួនរួចហើយ សម័យប្រជុំទាំងពីរអង្គ បានផ្តោតការពិភាក្សាទៅលើការសម្រេចគោលដៅទីពីរនៃខួបមួយរយឆ្នាំ ដែលមានគោលដៅកសាងប្រទេសចិន ឲ្យក្លាយជាប្រទេសសង្គមនិយមទំនើបមួយ នៅត្រឹមឆ្នាំ២០៤៩។

សម័យប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នកំពូលទាំងពីរនេះ គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធប្រជាធិបតេយ្យបែបសង្គមនិយម ដែលមានចរិតលក្ខណៈចិន។ ប្រទេសចិនមិនបានចម្លងគំរូប្រជាធិបតេយ្យរបស់បស្ចិមលោកនោះឡើយ ប៉ុន្តែប្រទេសចិនបានបង្កើតគំរូថ្មីមួយ ដែលមាននាមថា ប្រជាធិបតេយ្យបែបសង្គមនិយម ដែលមានចរិតលក្ខណៈចិន ខុសប្លែកពីគំរូប្រជាធិបតេយ្យផ្សេងៗទៀត។ ប្រទេសចិន យល់ឃើញថាប្រទេសនីមួយៗ មានសិទ្ធិជ្រើសរើសគំរូប្រជាធិបតេយ្យផ្ទាល់របស់ខ្លួន ដោយផ្អែកលើប្រវត្តិសាស្រ្ត សេដ្ឋកិច្ច វប្បធម៍ ប្រពៃណី ស្ថានភាពសង្គមនិងជាតិរបស់ខ្លួន។

គំរូប្រជាធិបតេយ្យបែបសង្គមនិយមដែលមានចរិតលក្ខណៈចិន ផ្ដោតលើប្រជាជននិងចាត់ទុកប្រជាជនជាគោលដៅចម្បង នៃការអភិវឌ្ឍ ផ្ដោតលើការពិគ្រោះយោបល់ដ៏ទូលំទូលាយ ដែលត្រូវអនុវត្តដោយសភាតំណាងប្រជាជនគ្រប់ជាន់ថ្នាក់ ស្ថាប័នរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សភាប្រឹក្សានយោបាយប្រជាជនគ្រប់ជាន់ថ្នាក់ អង្គការប្រជាជន និងអង្គការសង្គមនានា និងសហគមន៍មូលដ្ឋាន។ និយាយម្យ៉ាងទៀត គំរូប្រជាធិបតេយ្យបែបសង្គមនិយម ដែលមានចរិតលក្ខណៈចិន អាចហៅថាជាគំរូប្រជាធិបតេយ្យគ្រប់ជ្រុងជ្រោយ ដោយប្រជាជនអាចចូលរួមគ្រប់ កិច្ចដំណើរការទាំងអស់នៃអភិបាលកិច្ច ដែលរួមមាន ការបោះឆ្នោត ការពិគ្រោះយោបល់ ការសម្រេចចិត្ត ការគ្រប់គ្រង និងការត្រួតពិនិត្យ។

ជាញឹកញាប់ បស្ចិមប្រទេសយល់ខុសថា ប្រទេសចិនមិនមានកិច្ចដំណើរការប្រជាធិបតេយ្យនោះឡើយ ពីព្រោះពួកគេច្រឡំថាប្រទេសចិន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិនតែមួយគត់។ ប៉ុន្តែតាមការពិត ប្រព័ន្ធអភិបាលកិច្ចរបស់ប្រទេសចិន គឺជាប្រព័ន្ធមួយដែលមានកិច្ចសហប្រតិបត្តិការរវាងបក្សនយោបាយជាច្រើន និងផ្អែកលើការពិគ្រោះយោបល់ដ៏ទូលំទូលាយ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ នាពេលបច្ចុប្បន្ន ប្រទេសចិនមានបក្សនយោបាយចំនួន៩ ដោយបក្សកុម្មនីស្តចិនគឺជាបក្សកាន់អំណាច ហើយបក្សនយោបាយចំនួន៨ផ្សេងទៀត មានសិទ្ធិចូលរួមពេញលេញ ក្នុងការចូលរួមធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការរដ្ឋ។ ប្រព័ន្ធនេះផ្ដោតជាចម្បងលើ ការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ប៉ុន្តែអនុញ្ញាតឲ្យមានការចូលរួមយ៉ាងទូលំទូលាយពីបក្សផ្សេងៗទៀត និងបុគ្គលដែលមិនមានទំនាក់ទំនង ជាមួយបក្សនយោបាយមកពីគ្រប់តំបន់ គ្រប់វិស័យនិងក្រុមជនជាតិទាំងអស់នៅក្នុងប្រទេសចិន ក្នុងការពិភាក្សា និងការសម្រេចចិត្តពាក់ព័ន្ធនឹងកិច្ចការរដ្ឋ។

នៅក្នុងប្រព័ន្ធនយោបាយរបស់បស្ចិមប្រទេស ដែលផ្អែកលើការបោះឆ្នោតដែលមានបក្សនយោបាយច្រើនចូលរួម បក្សនយោបាយផ្ដោតជាចម្បងលើការទាក់ទាញយកសន្លឹកឆ្នោតពីប្រជាជន ដោយធ្វើការសន្យាជាច្រើន។ តែផ្ទុយទៅវិញ ប្រព័ន្ធប្រជាធិបតេយ្យបែបសង្គមនិយមរបស់ប្រទេសចិន គឺជាប្រព័ន្ធមួយដែលប្រជាជនអាចចូលរួម គ្រប់កិច្ចដំណើរការទាំងអស់នៃកិច្ចដំណើរការអភិបាលកិច្ច និងការសម្រេចចិត្តរបស់ប្រទេស។ ប្រព័ន្ធប្រជាធិបតេយ្យបែបនេះ ឆ្លើយតបយ៉ាងពិតប្រាកដទៅនឹង សេចក្ដីត្រូវការរបស់ប្រជាជន ដោយអ្នកដឹកនាំអនុវត្តសកម្មភាពពិតប្រាកដ មិនមែនធ្វើការសន្យាខ្យល់តែ នៅក្នុងអំឡុងពេលនៃការបោះឆ្នោតនោះឡើយ។ ប្រព័ន្ធនយោបាយរបស់ចិន អាចបញ្ចៀសបាននូវផលវិបាកដែលថា បក្សនយោបាយនានា ផ្ដោតតែទៅលើផលប្រយោជន៍របស់បក្សខ្លួន មិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ប្រជាជន គិតផ្ដោតតែទៅលើការយកជ័យជំនះលើ បក្សនយោបាយដែលជាគូប្រជែង ដោយមិនគិតគូរសហការរួមគ្នា ដើម្បីសុខមាលភាពរបស់ប្រជាជន។

ប្រព័ន្ធប្រជាធិបតេយ្យបែបសង្គមនិយមដែលមានចរិតលក្ខណៈចិននេះ បានរំដោះប្រជាជនចិនជិត ៨០០លាននាក់ ឲ្យចាកចេញផុតពីភាពក្រីក្រ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ បានលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ នៅក្នុងប្រទេសចិន និងកំពុងរុញច្រានប្រទេសចិនឲ្យសម្រេចបាន នូវគោលដៅទីពីរនៃខួបមួយរយឆ្នាំរបស់ខ្លួន ដែលជាផ្នែកមួយដ៏សំខាន់នៃសុបិនចិន៕