(ប៉េកាំង)៖ នៅក្នុងអំឡុងពេលមហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិន ក្នុងឋានៈជាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Xi Jinping មេដឹកនាំចិនបានចូលរួមការពិភាក្សាជាមួយ ប្រតិភូតំណាងប្រជាជនខេត្តម៉ុងហ្គោលីក្នុង។ លោកបានថ្លែងថា ជនជាតិនានារបស់ប្រទេសចិន ត្រូវតែរួមសាមគ្គីគ្នាដូចគ្រាប់ផ្លែទទឹមឱបគ្នាជាចង្កោម ដើម្បីរួមគ្នាបង្កើតជីវភាពរស់នៅដ៏ល្អបវរ។

ការបៀបធៀបដូចផ្លែទទឹមនេះបានបង្ហាញពី ភាពសំខាន់នៃការរួមសាមគ្គីគ្នារបស់ជនជាតិនានា។ ក្នុងមហាសន្និបាត នៃសភាទាំងពីរប្រចាំឆ្នាំ លោក Xi Jinping ប្រធានរដ្ឋចិនសុទ្ធតែបានចូលរួមពិភាក្សា ជាមួយប្រតិភូនៃសភាទាំងពីរ។ លោកធ្លាប់ប្រើគំនូរល្បីឈ្មោះមួយនៅសម័យបុរាណចិន ដើម្បីបង្ហាញពីទិដ្ឋភាពដ៏ល្អបវរ ដែលជីវភាពរស់នៅរបស់ប្រទេសចិន ប្រកបដោយអេកូបរិស្ថានក្នុងយុគសម័យថ្មី។

គំនូរ «ទេសភាពរដូវរំហើយតាមដងទន្លេហ្វូឈួន» ជាផ្ទាំងគំនូរចិនបុរាណដ៏ល្បីឈ្មោះមានប្រវត្តិសាស្ត្រជាង ៦៧០ឆ្នាំ គូរដោយវិចិត្រករឈ្មោះ Huang Gongwang ដែលល្បីល្បាញនៅរជ្ជកាល YUAN របស់ប្រទេសចិន។ វិចិត្រករបានប្រើទឹកថ្នាំគូរទេសភាព នៅរដូវរំហើយតាមសងខាងទន្លេហ្វូឈួន ដែលស្ថិតនៅតំបន់ភាគខាងត្បូងរបស់ចិន ដែលបានបង្ហាញពីភាពស្រស់ស្អាត ដែលមនុស្សនិងធម្មជាតិរួមរស់ដោយសុខដុមរមនា។ គំនូរ «ទេសភាពរដូវរំហើយតាមដងទន្លេហ្វូឈួន» នៃសម័យឥឡូវ ដែលលោក Xi Jinping បានលើកឡើង គឺដើម្បីប្រៀបធៀបថា ផែនទីបង្ហាញផ្លូវអនាគតអំពីបរិស្ថានរស់នៅបែបអេកូឡូស៊ី នៃយុគសម័យថ្មីដែលប្រកបដោយលក្ខណៈពិសេសចិន ដែលជាបែបផែនជីវភាពរស់នៅដ៏ល្អ តាមការនឹកស្រមៃរបស់វិចិត្រករ Huang Gongwang ផង ក៏ជាជីវិតពិតៗរបស់ប្រជាជនចិននាពេលបច្ចុប្បន្ន ដែលបានកសាងស្រុកកំណើតប្រកបដោយវិបុលភាព ស្រស់ស្អាត អរិយធម៌ និងមានសុភមង្គល។

គ្រាប់ផ្លែទទឹមនិងគំនូរ «ទេសភាពរដូវរំហើយតាមដងទន្លេហ្វូឈួន» នៅសម័យទំនើបគឺការបៀបធៀបដ៏អស្ចារ្យរបស់លោកXi Jinping ដែលមានយុទ្ធសាស្ត្រខាងអភិបាលកិច្ច។ ខាងក្រោមនេះ សូមស្វែងយល់ពីការបៀបធៀបដ៏អស្ចារ្យមួយចំនួន របស់លោកXi Jinping៖

១៖ ដំដែកគោល
«ត្រូវធ្វើការងារពាក់ព័ន្ធជីវភាពរបស់ប្រជាជនឱ្យបានល្អ ផ្សព្វផ្សាយស្មារតីដំដែកគោលដែក មានឆន្ទៈតស៊ូមិនបោះបង់»
ការពន្យល់៖ ស្មារតីដំដែកគោល-គឺត្រូវដំគឺត្រូវដំមួយៗទើបដែកគោលចូលទៅមាំ។ ដំចូលមួយហើយ បន្តដំមួយទៀត ទើបអាចមានប្រសិទ្ធភាពធំ។ ពាក្យនេះប្រៀបធៀបការខិតខំប្រឹងប្រែងជាប់ជានិច្ច ទើបអាចទទួលបានជោគជ័យ។

២៖ ដេរប៉ាក់
«ការគ្រប់គ្រងទីក្រុងត្រូវតែធ្វើឱ្យល្អិតដូចជាដេរប៉ាក់អ៊ីចឹង»
ការពន្យល់៖ ការដេរប៉ាក់ជាការងារលម្អិត ត្រូវផ្តោតសំខាន់ទៅលើចំណុចធំ និងចាប់ចំណុចលម្អិត។ លោក Xi Jinping បៀបធៀបបែបនេះ ដោយបង្ហាញពីវិធីសាស្ត្រការងារច្បាស់លាស់និងចំគោលដៅ។ មានតែការគ្រប់គ្រងដោយលម្អិត ទើបការអភិវឌ្ឍក្នុងទីក្រុងខ្នាតធំ ទើបអាចលើកកម្ពស់សមត្ថភាពអភិបាលក្នុងទីក្រុងខ្នាតធំ និងបង្កើនកម្លាំងរស់វើកនៃការអភិវឌ្ឍ។

៣៖ មនុស្សចំបើង
«មានមនុស្សមួយចំនួនគិតថា វិន័យជាមនុស្សចំបើង មិនយកចិត្តទុកដាក់ទេ។ យើងត្រូវតែមានវិន័យយ៉ាងតឹងរ៉ឹង។»
ការពន្យល់៖ មនុស្សចំបើងក្នុងវាលស្រែ មិនអាចបំភ័យសត្វចាបលួចស៊ីទេ។ លោក Xi Jinping បានប្រើប្រាស់ការបៀបធៀបបែបនេះ ដោយបង្ហាញថា វិន័យគ្រប់យ៉ាង រួមមានវិន័យអង្គការ វិន័យហិរញ្ញវត្ថុនិងវិន័យនយោបាយ ប្រសិនបើដូចជា «មនុស្សចំបើង» គឺងាយកើតមានអំពើពុករលួយ ហើយនឹងបង្ខូចមុខមាត់របស់បក្សកាន់អំណាច និងបាត់បង់ការគាំទ្ររបស់ប្រជាជន។

៤៖ កញ្ចក់
«រឿងតូចនិងចំណុចតូចល្អិតជាកញ្ចក់មួយ នៅក្នុងនោះ មានលក្ខណៈបក្ស គោលការណ៍ និងបុគ្គលិកលក្ខណរបស់មនុស្ស»
ការពន្យល់៖ កញ្ចក់-រឿងតូចនិងចំណុចតូចល្អិតជា «កញ្ចក់» មួយ ដែលអាចបង្ហាញពីចរិតលក្ខណៈរបស់មនុស្ស ហើយអាចមើលឃើញពីស្មារតី និងសីលធម៌នៅត្រង់ចំណុចតូចល្អិត។ លោកXi Jinping បានយកការបៀបធៀបនេះ ទាមទារឱ្យអ្នកដឹកនាំនិងកម្មាភិបាលបង្កើនការលុតដំខ្លួន នៅក្នុងរឿងតូចនិងចំណុចតូចល្អិត ដើម្បីធ្វើឱ្យខ្លួនឯង មានសុក្រឹតភាពនិងសំណូមពរខ្លួនឯងយ៉ាងតឹងរ៉ឹង។

៥៖ សេះតូចអូសរទេះធំ
«យើងត្រូវតាំងចិត្តដើម្បីលុបបំបាត់ភាពក្រីក្រទាំងស្រុង ប៉ុន្តែមិនត្រូវកំណត់គោលដៅខ្ពស់ពេកនោះទេ ព្រោះបើការរំពឹងទុករបស់ប្រជាជនខ្ពស់ពេក តែលទ្ធភាពយើងមិនអាចសម្រេចបាន ។ សេះតូចអូសរទេះធំ អូសមិនរួចគឺដូចជាមានបំណងល្អតែធ្វើមិនបានសម្រេច»
ការពន្យល់៖ សេះតូចអូសរទេះធំ — ជាពាក្យប្រៀបធៀបសម្រាប់នរណាម្នាក់ដែលវាយតម្លៃសមត្ថភាពខ្លួនឯងខ្ពស់ពេក ហើយធ្វើអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួនដែលជារឿយៗតែងមិនបានសម្រេច ។ លោក Xi Jinping ប្រធានរដ្ឋចិនបានដកស្រង់ពាក្យសម្តីនេះដោយឆ្លុះបញ្ចាំងពីការយល់ដឹងយ៉ាងជ្រាលជ្រៅនិងគ្រប់ជ្រុងជ្រោយរបស់ខ្លួនអំពីការងារកាត់បន្ថយភាពក្រីក្រ ហើយបានចង្អុលបង្ហាញយ៉ាងរស់រវើកនិងច្បាស់លាស់អំពីទិសដៅសម្រាប់ការកាត់បន្ថយភាពក្រីក្រ ។

៦៖ ខាំឆ្អឹងរឹង
«ការពង្រឹងកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ត្រូវមានភាពក្លាហានក្នុងការវាយទម្លុះរបាំងនៃគោលគំនិត និងរបាំងនៃផលប្រយោជន៍ដ៏រឹងមាំ ហ៊ានខាំឆ្អឹងរឹងនិងហ៊ានចូលទៅកន្លេងដ៏គ្រោះថ្នាក់»
ការពន្យល់៖ ហ៊ានខាំឆ្អឹងរឹង — ប្រើប្រាស់សម្រាប់ពិពណ៌នាអំពីស្មារតី ដែលមិនគេចវេះពីបញ្ហា មិនខ្លាចការលំបាក ហ៊ានជម្នះការលំបាកនិងការតស៊ូឥតឈប់ឈរ។

៧៖ កែវភ្នែកនិងជីវិត
«ការពារបរិស្ថានអេកូឡូស៊ីដូចជាការពារកែវភ្នែក និងចាត់ទុកបរិស្ថានអេកូឡូស៊ីដូចជាជីវិត»
ការពន្យល់៖ ធម្មជាតិគឺជាមាតានៃជីវិត និងជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រាននិងអភិវឌ្ឍន៍របស់មនុស្សជាតិ។ ពាក្យប្រៀបធៀប «កែវភ្នែក» និង «ជីវិត» បង្ហាញយ៉ាងច្បាស់ថា បរិស្ថានធម្មជាតិងាយរងការខូចខាត ដែលមិនអាចកកើតឡើងវិញដូចជាជីវិត ហើយឆ្លុះបញ្ចាំងពីសារៈសំខាន់យ៉ាងខ្លាំង នៃការការពារបរិស្ថានអេកូឡូស៊ី។ នេះគឺជាការបកស្រាយរបស់លោក Xi Jinping ពីគំនិតអរិយធម៌អេកូឡូស៊ី ហើយបានពន្យល់ពីការពិតដ៏ជ្រាលជ្រៅថា ការការពារបរិស្ថានអេកូឡូស៊ី គឺជាការការពារមនុស្សជាតិ ហើយការកសាងអរិយធម៌អេកូឡូស៊ី គឺផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ។

៨៖ ដើមឈើ

«ប្រើកម្លាំងខ្លាំងទៅដក «ដើមឈើរលួយ», ព្យាបាល «ដើមឈើមានជំងឺ», តម្រង់ «ដើមឈើកោង» ធ្វើឱ្យអ្នកដឹកនាំនិងកម្មាភិបាលបក្សភ្ញាក់ខ្លួន និងទទួលយកមេរៀនចងចាំក្នុងចិត្ត»
ការពន្យល់៖ បើចង់ឱ្យដើមឈើក្លាយជាធនធានក្លាយជាព្រៃ ចាំបាច់ត្រូវតម្រង់ដើមកោងឱ្យឈរត្រង់វិញក្នុងពេលឆាប់ៗ ដើមណាត្រូវដង្កូវស៊ីត្រូវ ព្យាបាលឱ្យទាន់ពេល ខណៈដើមណារលួយដល់ឫសត្រូវដកចេញទាំងស្រុង។ បរិស្ថានធម្មជាតិគឺបែបនេះ បរិស្ថាននយោបាយក៏បែបនេះដែរ។ នេះជាការប្រៀបធៀបដ៏រស់រវើក នៃគោលការណ៍អភិបាលកិច្ចបក្សដោយតឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយនៃបក្សកុម្មុយនិស្តចិន ដែលជាបក្សកាន់អំណាចរបស់ប្រទេសចិន ពោលគឺត្រូវបង្ការបញ្ហាពីគ្រាដំបូង អនុវត្តជាក់ស្តែងនូវវិន័យនិងច្បាប់ទម្លាប់ ដាក់ពិន័យករណីខុសច្បាប់ ដើម្បីតម្រង់ទិសអ្នកធ្វើខុសឱ្យត្រឹមត្រូវវិញ ដាក់ទោសលើអ្នកប្រព្រឹត្តិអំពើពុករលួយដោយតឹងរ៉ឹង។

៩៖ រន្ធប៉ុនចុងម្ជុល តែអាចធ្លាយខ្យល់ធំចូលបាន
«រន្ធប៉ុនចុងម្ជុលតែអាចធ្លាយខ្យល់ធំចូលបាន។ គួរយកចិត្តទុកដាក់គ្រប់ពេលវេលា លើការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ប្រកបដោយភាពម៉ឺងម៉ាត់ និងមធ្យ័តជាប់រហូត»
ការពន្យល់៖ រន្ធប៉ុនចុងម្ជុលតែអាចធ្លាយខ្យល់ធំចូលបាន មានន័យគឺពេលរងាខ្លាំង បើលើបង្អួចមានរន្ធទោះរន្ធប៉ុនចុងម្ជុលក្តី ក៏ខ្យល់ត្រជាក់អាចចូលពេញបន្ទប់។ ឃ្លានេះបានប្រៀបធៀបថា ពេលបំពេញការងារ កាលណាមិនប្រុងប្រយ័ត្ន នឹងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ប្រទេសចិនបានប្រកាន់ខ្ជាប់ អាកប្បកិរិយាមធ្យ័តខ្លាំង បានអនុវត្តវិធានការបង្ការជំងឺឆ្លងដ៏តឹងរ៉ឹងបំផុត៕