(ឌូបៃ)៖ ប្រមុខគោលនយោបាយសហភាពអឺរ៉ុប លោក ចូសែប បូរែល (Josep Borrell) នៅថ្ងៃសុក្រនេះបាននិយាយថាកិច្ចចរចាស្ដីពីការសា្ដរកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ ចាំាបាច់ត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយសារតែកត្តាខាងក្រៅបង្ខំឱ្យពន្យារពេលកិច្ចចរចានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

ការលើកឡើងខាងលើរបស់លោក Josep Borrell ធ្វើឡើងនៅចំពេលមានការរំពឹងជាច្រើនថាសហរដ្ឋអាមេរិក នឹងត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដោយឯកតោភាគីកាលពីឆ្នាំ២០១៨ នៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។

លោក Borrell មិនបានបញ្ជាក់់លម្អិតថាតើអ្វីទៅជាកត្តាខាងក្រៅ ដែលជំរុញឱ្យពន្យារពេលកិច្ចចរចានោះទេ ខណៈពិភពលោកកំពុងផ្ដោតសំខាន់លើសង្រ្គាម នៅអ៊ុយក្រែន។ ចំណែកឯ អ៉ីរ៉ង់ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ៕