(ស៊ាងហៃ)៖ ទីក្រុងភាគឦសាននៃប្រទេសចិនដែលមានប្រជាជនរស់នៅប្រមាណជា ៩លាននាក់ ត្រូវបានបញ្ជាឱ្យចាត់វិធានការបិទខ្ទប់នៅថ្ងៃសុក្រនេះ ខណៈដែលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើង នៃករណីឆ្លងកូវីដ១៩ថ្មី ដែលបានជំរុញឱ្យចំនួនករណីទូទាំងប្រទេសកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ក្រុង Changchun ដែលជាទីក្រុងនៃខេត្ត Jilin និងជាមូលដ្ឋានឧស្សាហកម្មដ៏សំខាន់មួយ បានដាក់បញ្ជាឱ្យអ្នកស្រុកធ្វើការពីផ្ទះ។ មនុស្សម្នាក់ប៉ុណ្ណោះដែលនឹងត្រូវបាន​អនុញ្ញាតឱ្យចេញជារៀងរាល់ពីរថ្ងៃម្តង ដើម្បីទិញ «របស់របរប្រើប្រាស់ប្រចាំថ្ងៃ» ខណៈទីក្រុងនេះគ្រោង នឹងបង្កើតការធ្វើតេស្តទ្រង់ទ្រាយធំ។

គួរបញ្ជាក់ថាខេត្តជាងដប់មានករណីសរុបចំនួន១,៣៦៩ករណី ត្រូវបានរាយការណ៍ នេះបើយោងតាមតួលេខប្រចាំថ្ងៃផ្លូវការចុងក្រោយបំផុត ដែលបានចេញផ្សាយនៅថ្ងៃ សុក្រនេះ។ នៅថ្ងៃសុក្រនេះផងដែរ ទីក្រុងសៀងហៃបានបញ្ជាឱ្យបិទសាលារៀន ហើយប្តូរទៅការបង្រៀនតាមអ៊ីនធឺណិតវិញ៕