(មូស្គូ)៖ អង្គការណាតូនឹងមិនអនុញ្ញាតឱ្យការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឈានដល់ជម្លោះបើកចំហរវាងសម្ព័ន្ធមិត្ត និងទីក្រុងមូស្គូនោះទេ ដោយប្រមុខអង្គការមួួយនេះ លោក Jens Stoltenberg ព្រមានថា តំបន់គ្មានការហោះហើរទំនងជានាំទៅរកសង្គ្រាមពេញលេញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។

អគ្គលេខាធិការអង្គការណាតូបាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅក្រៅវេទិកាមួយក្នុងប្រទេសតួកគីថា «យើងមានទំនួលខុសត្រូវក្នុងការទប់ស្កាត់ជម្លោះនេះ កុំឱ្យកើនហួសពីព្រំដែនអ៊ុយក្រែន ទៅជាសង្រ្គាមពេញលេញរវាងរុស្ស៊ី និង NATO»

លោកបានព្រមានថា តំបន់គ្មានការហោះហើរនៅលើប្រទេសអ៊ុយក្រែន «ទំនងជានាំឲ្យមានសង្គ្រាម ពេញលេញរវាងអង្គការណាតូ និងរុស្ស៊ី» ដែលបណ្ដាលឲ្យ «រងទុក្ខវេទនាកាន់តែច្រើនហើយការស្លាប់ និងការបំផ្លិចបំផ្លាញច្រើនក៏ជាងនេះដែរ»។

លោក Stoltenberg បានគូសបញ្ជាក់ថា តំបន់គ្មានការហោះហើរលើអ៊ុយក្រែន នឹងមានន័យថា អង្គការណាតូនឹងត្រូវដកប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី មិនត្រឹមតែនៅក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញប្រទេសបេឡារុស និងរុស្ស៊ីផងដែរ៕