(ញូយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ បានប្រកាសហាមឃាត់ការនាំចូលប្រេង, ឧស្ម័ន និងថាមពល ពីរុស្ស៊ី ហើយការសម្រេចចិត្តបែបនេះកើតមានឡើង ក្រោយលោកផ្ទាល់រងសម្ពាធពីសភាអាមេរិក និងមានការអំពាវនាវពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ក្រុមអ្នករិះគន់រុស្ស៊ី យល់ថាការដាក់ទណ្ឌកម្មបែបនេះគឺជាមធ្យោបាយដ៏ល្អ ដែលអាចបង្ខំឱ្យលោក ពូទីនបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។

ប៉ុន្តែ ការអនុវត្តជាក់ស្ដែង វាមិនស្រួលដូចជាការនិយាយនោះទេ។ ពោលគឺបើចង់ផ្ដល់មេរៀនឱ្យរុស្ស៊ីមិនអាចបំភ្លេចបាន ទាល់តែបណ្ដាប្រទេសអឺរ៉ុប ទាំងអស់ចូលរួមជាសហរដ្ឋអាមេរិក បើពុំដូច្នោះទេ ទណ្ឌកម្មគឺគ្រាន់តែដាក់ឱ្យល្អមើលតែប៉ុណ្ណោះ។ ក្រោយការប្រកាសរបស់លោក បៃដិន, មកទល់នឹង ម៉ោងនេះ គេមិនទាន់ច្បាស់នោះទេថាប្រទេសអឺរ៉ុបទាំងអស់នឹងចូលរួមដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង ឬឧស្ម័នរុស្ស៊ី ដោយសូម្បីតែអង់គ្លេសដែលជា សម្ព័ន្ធមិត្តដ៏សិ្នទ្ធរបស់ទីក្រុងវ៉ាស៊ីនតោន បានត្រឹមតែប្រកាសដាក់ទណ្ឌកម្មជាដំណាក់កាល។

ផ្ទុយពីសហរដ្ឋអាមេរិក, អឺរ៉ុបគឺនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការទិញប្រេង និងឧស្ម័នពីរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងឆៅធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ សហរដ្ឋអាមេរិក អាចរកប្រភពផ្គត់ផ្គង់ថាមពលក្រៅពីរុស្ស៊ីបាន តែសម្រាប់អឺរ៉ុបវិញក្នុងរយៈពេលខ្លី ឬមធ្យម មិនអាចធ្វើដូចអាមេរិកបានទេ។ លើសពីនេះទៅទៀត ការដាក់បម្រាមណាមួយលើការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ី ចៀសមិនរួចឡើយនឹងធ្វើឱ្យ តម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់កប់ពពក ខណៈតម្លៃឧស្ម័ននៅអឺរ៉ុបកំពុងឡើងថ្លៃកប់ពពករួចស្រេចទៅហើយ ដូចដែលទីក្រុងម៉ូស្គូបានព្រមានទុកជាមុនថា ការដាក់ទណ្ឌកម្មបែបនេះនឹងបង្កគ្រោះមហន្តរាយដល់សេដ្ឋកិច្ចសកល។

* តើទណ្ឌកម្មរបស់អាមេរិក ធ្វើឱ្យរុស្ស៊ីខាតបង់ធ្ងន់ ឬ?

រុស្ស៊ីត្រូវបានគេស្គាល់ថាជាប្រទេសផលិតប្រេងធំលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ ក្នុងមួយថ្ងៃៗ រុស្ស៊ីនាំចេញ ប្រេងឆៅប្រហែល ៥លានបារែល ក្នុងនោះមានច្រើនជាងពាក់កណ្ដាលនាំចេញទៅកាន់តំបន់អឺរ៉ុប។ សហរដ្ឋអាមេរិក នាំចូលប្រេងមួយផ្នែកតូចប៉ុណ្ណោះ ពីរុស្ស៊ី ហើយក៏មិនបានទិញឧស្ម័នពីទីក្រុងម៉ូស្គូនោះដែរ។ ម្លោះហើយទណ្ឌកម្មរបស់អាមេរិក នឹងមិនបង្កការខាតបង់ធ្ងន់ធ្ងរដល់រុស្ស៊ីទេ ហើយបង្កប់ចេតនា នយោបាយច្រើនជាង។ អាមេរិក និងសម្ពន្ធមិត្តបានសន្យាបញ្ចេញប្រេងបម្រុងទុករបស់ខ្លួន ៦០លានបារែល ដើម្បីដោះស្រាយបញ្ហាកង្វះ ប៉ុន្តែក្នុងមួយថ្ងៃៗ ពិភពលោកត្រូវការប្រើប្រាស់ប្រេងដល់ទៅជាង ១០០លានបារែលឯណោះ។

កាលពីឆ្នាំ២០២១, សហរដ្ឋអាមេរិកនាំចូលប្រេងពីរុស្ស៊ី ប្រហែល ៦៥០,០០០បារែលក្នុងមួយថ្ងៃ ហើយការនាំចូលប្រេងនេះទៀតសោត ត្រូវបានគេមើល ឃើញថាមានការថយចុះ។ ដូច្នេះដោយសារតែទំហំនាំចូលប្រេងរបស់អាមេរិកពីរុស្ស៊ី ស្ថិតក្នុងកម្រិតធម្មតា រុស្ស៊ីនៅតែអាចលក់ប្រេងរបស់ខ្លួនឱ្យប្រទេស ដទៃដូចជាចិន ឬឥណ្ឌា ហើយអាចលក់វាក្រោមការបញ្ចុះតម្លៃទៀតផង។

* តើអឺរ៉ុបនឹងដើរតាមអាមេរិក ដែរ ឬទេ?

បើតាមក្រុមអ្នកវិភាគខាងគោលនយោបាយថាមពល ដូចជាលោក បេន ម៉ាកវីលៀម (Ben McWilliams) ការដាក់ទណ្ឌកម្មទាំងស្រុងលើប្រេង និងឧស្ម័ន ក្រោមកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអឺរ៉ុប ពិបាកនឹងអាចធ្វើទៅរួចណាស់។ ពីព្រោះថា អ្នកដែលត្រូវការប្រេងពីរុស្ស៊ី មិនមែនអាមេរិកនោះទេ ប៉ុន្តែ គឺអឺរ៉ុប ហើយអ្នកដែលត្រូវការឧស្ម័នខ្លាំងបំផុតពីរុស្ស៊ី ក៏នៅតែជាអឺរ៉ុបដដែល។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយត្រង់ៗថាអាល្លឺម៉ង់ដែលជាប្រទេសប្រើប្រាស់ និង ទិញថាមពលពីរុស្ស៊ីធំជាងគេបំផុតក្នុងតំបន់អឺរ៉ុប មិនមានផែនការចូលរួមក្នុងការដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ីឡើយ។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី ស៊ែរមែន (Wendy Sherman) បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្ម លើវិស័យថាមពលរុស្ស៊ីតែម្នាក់ឯង ឬមានសម្ពន្ធមិត្តតិចតួចប៉ុណ្ណោះដែលនឹងចូលរួម។

* តើអឺរ៉ុបអាចរកអ្នកផ្គត់ផ្គង់ ផ្សេងក្រៅពីរុស្ស៊ី ឬ?

លោក បេន ម៉ាកវីលៀម (Ben McWilliams) បាននិយាយថាសម្រាប់អឺរ៉ុប, ការស្វែងរកអ្នកផ្គត់ផ្គង់ប្រេងជំនួសរុស្ស៊ី គឺអាចធ្វើទៅបាន ប៉ុន្តែរឿងឧស្ម័ន អឺរ៉ុបប្រហែលជាមិនអាចធ្វើទៅបានឡើយ ក្នុងរយៈពេលខ្លី ឬមធ្យម ហើយបញ្ហាធំស្ថិតនៅលើបំពង់ឧស្ម័នតែម្ដង។ ឧស្ម័នធម្មជាតិដែលអឺរ៉ុបនាំចូលមានជាង ៤០ភាគរយ មានប្រភពមកពីរុស្ស៊ី។

ដើម្បីឱ្យទណ្ឌកម្មកាន់តែមានប្រសិទ្ធភាព អាមេរិកបានស្នើឱ្យអារ៉ាប៊ីសាអូឌីត បង្កើនការផលិតប្រេងក្នុងគោលបំណងបញ្ចុះតម្លៃប្រេងនៅលើទីផ្សារ។ អារ៉ាប៊ីសាអូឌីត គឺជាប្រទេសអ្នកផលិតប្រេងធំបំផុតនៅក្នុងអង្គការក្រុមប្រទេសផលិតប្រេង OPEC ដែលរ៉ាប់រង៦០ភាគរយនៃជំនួញប្រេងឆៅអន្តរជាតិ ដូច្នេះហើយទើប OPEC មានឥទ្ធិពលក្នុងការកំណត់តម្លៃប្រេង។ រុស្ស៊ី មិនមែនជាសមាជិក OPEC ទេ ប៉ុន្តែជាប្រទេសដៃគូដែលគេហៅថា OPEC Plus។ ចាប់តាំងពីឆ្នាំ២០១៧មក រុស្ស៊ី និងបណ្ដាប្រទេសមួយចំនួនក្នុង OPEC បានព្រមព្រៀងគ្នារឹតត្បិត និងកាត់បន្ថយការផលិតប្រេងដើម្បីបង្កើនប្រាក់ចំណូល ដល់បណ្ដាប្រទេសអ្នកផលិតប្រេង ហើយគោលការណ៍មួយនេះនៅតែបន្តមកដល់ឥលូវ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា កំពុងទាក់ទងជាមួយវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់ ក្នុងគោលបំណងស្វែងរកអ្នកផ្គត់ផ្គង់ ប្រេងឱ្យខ្លួនជំនួសរុស្ស៊ី។ ប៉ុន្តែ ទាំងវ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់សុទ្ធតែជាសម្ព័ន្ធមិត្តរុស្ស៊ី ហើយលើសពីនេះទៀតទីក្រុងការ៉ាកាស់ក្នុងពេលបច្ចុប្បន្ន គឺ ជាអ្នកលក់ប្រេងដ៏ធំបំផុតឱ្យចិន។ ម្លោះហើយ បើតាមក្រុមអ្នកជំនាញ វ៉េណេស៊ុយអេឡា និងអ៉ីរ៉ង់ អាចនឹងរង់ចាំមើលសិនថាតើអាមេរិកនឹងផ្ដល់ប្រយោជន៍
ធំអ្វីខ្លះដល់ពួកគេ ស្របពេលប្រទេសទំាង២ កំពុងជាប់ទណ្ឌកម្មអាមេរិក៕

ប្រភព៖ AP (ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២២)