(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សង់ឌឺ លូកាសិនកូ (Alexander Lukashenko) និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានព្រមព្រៀងគ្នាលើគំនិតផ្តួចផ្តើមនៃការគំាទ្រគ្នាទៅវិញទៅមក ចំពោះមុខការដាក់ទណ្ឌកម្មពី សំណាក់អន្តរជាតិលើប្រទេសទាំងពីរ ដោយសារតែវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី TASS នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យប្រធានាធិបតីបេឡារុស លោកស្រី ណាតាលៀ អ៊ីសម៉ុន (Natalia Eismont) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ប៊ែលតា (BelTA) អំពីដំណឹងនៃការព្រមព្រៀងគ្នាខាងលើ បន្ទាប់ពីលោក ពូទីន និងលោក លូកាសិនកូ បានជួបគ្នាពិភាក្សាគ្នានៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។

បើតាមលោកស្រី ណាតាលៀ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២ បានយល់ព្រមលើគំនិតនៃការផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ចំពោះមុខសម្ពាធទណ្ឌកម្មអន្តរជាតិ ក្នុងនោះរួមមានទាំងបញ្ហាតម្លៃនៃប្រភពថាមពលជាដើម។ ជាមួយគ្នានេះ នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរក៏បានផ្តោតលើការអភិវឌ្ឍឧស្សាហកម្មយោធា និងការពង្រឹងវិស័យការពារជាតិរបស់ប្រទេសទាំងពីរ ថែមទៀតផង។

លោកស្រីអ្នកនាំពាក្យបានបន្ថែមថា នៅក្នុងជំនួបនោះ លោកប្រធានាធិបតីរុស្ស៉ីនិងលោកប្រធានាធិបតីបេឡារុស ក៏បានពិភាក្សាយ៉ាងហ្មត់ចត់អំពីស្ថានភាពនៅក្នុងពិភពលោក និងតំបន់ រួមទាំងបញ្ហាអ៊ុយក្រែនផងដែរ។ បើតាមលោកស្រី ទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍ ជឿជាក់ថា ជម្លោះនៅអ៊ុយក្រែនគឺអាចត្រូវដោះស្រាយ នៅពេលណាមួយក៏បានដែរ ឱ្យតែទីក្រុងកៀវមានឆន្ទៈដោះស្រាយពិតប្រាកដ។

គួរបញ្ជាក់ថា មិនត្រឹមតែរុស្ស៉ីប៉ុណ្ណោះទេ បេឡារុសក៏បានទទួលរងការដាក់ទណ្ឌកម្មពីអន្តរជាតិផងដែរ ក្រោមការចោទប្រកាន់ថា ប្រទេសជិតស្និទ្ធនឹងរុស្ស៉ីនេះ បានគាំទ្រដល់ការបើកប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន៕