(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានសេចក្តីថ្លែងការណ៍ផ្លូវការ ដើម្បីសុំទោសចំពោះការច្រឡំបាញ់មីស៉ីល ចូលទៅក្នុងប្រទេសប៉ាគីស្ថាន កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

ជុំវិញហេតុការណ៍ខាងលើ ក្រសួងការពារជាតិឥណ្ឌា កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានផ្តល់ការបកស្រាយយ៉ាងដូច្នេះថា «នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កំលុងការពិនិត្យថែទាំជាប្រចាំមួយ បញ្ហាបច្ចេកទេសបានកើតឡើង ដែលនាំឱ្យមានការច្រឡំបាញ់មីស៉ីល ហើយមីស៉ីលនោះ បានធ្លាក់ទៅក្នុងទឹកដីប៉ាគីស្ថាន។ ខណៈឧប្បត្តិហេតុនេះគឺគួរឱ្យសោកស្តាយមែនទែននោះ វាក៏ជារឿងធូរស្រាលក្នុងចិត្តផងដែរ ដែលពុំមាននរណាម្នាក់រងគ្រោះថ្នាក់ ឬបាត់បង់ជីវិត»។ ក្រសួងការពារជាតិឥណ្ឌា បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យ បើកការស៉ើបអង្កេតករណីនេះជាបន្ទាន់ និងប្រកបដោយការយកចិត្តទុកខ្ពស់ដាក់បំផុត។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ាគីស្ថានបានប្រកាសពីវត្ថុហោះហើរមួយអាចជាគ្រាប់មីស៉ីល ដែលមានប្រភពចេញពីប្រទេសឥណ្ឌា ហោះធ្លាក់ចូលក្នុងទឹកដីរបស់ខ្លួន។ ក្រោយការត្រួតពិនិត្យជាបឋម ប៉ាគីស្ថានសង្ស័យថា វត្ថុនោះជាមីស៉ីលល្បឿនលឿនជាងសំឡេង ប្រភេទបាញ់ចេញពីផ្ទៃអាកាសទៅកាន់ផ្ទៃអាកាស តែមិនត្រូវបានកំណត់ឱ្យអាចផ្ទុះឡើយ។ ទីក្រុងអ៉ីស្លាម៉ាបាដ បានព្រមានឥណ្ឌាពីផលវិបាក និងទទូចឱ្យចាត់វិធានការដើម្បីបញ្ចៀសហេតុការណ៍បែបនេះ នាពេលអនាគត ហើយទាមទារឱ្យមាន ការបកស្រាយច្បាស់លាស់ពេញលេញពីទីក្រុងញូដេលី៕