(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួនបានមើលឃើញសកម្មភាពមួយចំនួន

ទាក់ទងទៅនឹងការស្តារឡើងវិញនូវផ្លូវរូងក្រោមដី នៅឯកន្លែងសាកល្បងនុយក្លេអ៊ែរ ក្នុងប្រទេសកូរ៉េខាងជើង ដែលត្រូវបានកម្ទេចចោល កាលពីឆ្នាំ២០១៨ ពេលដែលទីតាំងនោះត្រូវបានបិទ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់យោធាកូរ៉ខាងត្បូង បានឲ្យដឹងថា សកម្មភាពដើម្បីស្តារផ្លូវរូងក្រោមដីមួយចំនួន នៅទីតាំងសាកល្បងនុយក្លេអ៊ែរ ពុងហ្គីរី (Punggye-re) ដែលត្រូវបានបំផ្លាញចោល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ទើបតែត្រូវបានប្រទះឃើញ ប៉ុន្តែមិនបានរៀបរាប់លម្អិតអ្វីទៀតនោះទេ។ សេចក្តីថ្លែងការណ៏បានបន្ថែមថា កូរ៉េខាងត្បូងកំពុងសហការយ៉ាងជិតស្និត ជាមួយសម័្ពន្ធមិត្តអាមេរិក ដើម្បីតាមដានសកម្មភាពនេះ។

គួររំលឹកថា អំលុងសកម្មភាពការទូត ដែលឥឡូវកំពុងបន្តស្ថិតក្នុងសភាពជាប់គាំងនោះ កូរ៉េខាងជើងកាលពីឆ្នាំ២០១៨ បានប្រើគ្រឿងផ្ទុះ ដើម្បីកម្ទេចច្រកផ្លូវចូលរូងក្រោមដី នៅមូលដ្ឋាន ពុងហ្គីរី ដែលជាកន្លែងសាកល្បងនុយក្លេអ៊ែរតែមួយ ដែលគេដឹងរបស់ទីក្រុងព្យុងយ៉ាង។

ប្រទេសកូរ៉េមួយនេះ បានផ្អាកការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយឆ្ងាយបំផុតរបស់ខ្លួន
ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ ប៉ុន្តែបានអះអាងថា ការសាកល្បងអាចនឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីកិច្ចចរចារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកបានជាប់គាំង រហូតមកទល់បច្ចុប្បន្ន។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២២នេះ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីល ឬអាវុធចំនួន ៩លើកមកហើយ ក្នុងនោះការធ្វើតេស្ដចុងក្រោយគេបំផុត គឺធ្វើឡើងកាលពីថ្ងៃទី៤ ខែមីនា៕