(ប៉េកាំង)៖ កាលពីថ្ងៃទី៩ ខែមីនា តាមម៉ោងក្នុងតំបន់ សភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោតអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់ការនាំចូលប្រេងកាត ឧស្ម័នធម្មជាតិ និងធ្យូងថ្មពីរុស្ស៊ី។ នេះគឺជាការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុត ដែលសហរដ្ឋអាមេរិកបានអនុវត្តទៅលើរុស្ស៊ី គិតមកទល់បច្ចុប្បន្ននេះ។ ចាប់តាំងពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើងមក ទន្ទឹមនឹងការដាក់ទណ្ឌកម្មដោយផ្តេសផ្តាស បានបណ្តាលឱ្យកើតមានលទ្ធផលអាក្រក់ជាសន្សឹមៗ អឺរ៉ុបបានរកឃើញថា ខ្លួនបានក្លាយជាអ្នករងគ្រោះសំខាន់មួយ នៃការប៉ះទង្គិចលើកនេះ។

ឧទាហរណ៍ដូចជា ការឡើងថ្លៃយ៉ាងខ្លាំងនៃថាមពល បាននាំឱ្យប្រជាជនទ្វីបអឺរ៉ុប មានភាពលំបាកយ៉ាងធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ ការផ្គត់ផ្គង់ស្បៀងអាហារប្រឈមមុខនឹងបញ្ហាជាច្រើន ហើយបញ្ហាសន្តិសុខក៏កាន់តែស្រួចស្រាវផងដែរ។ រុស្ស៊ីនិងអ៊ុយក្រែនជាប្រទេសជិតខាង ដែលមិនអាចរើបម្រះចេញពីអឺរ៉ុបបាន។ មានតែស្ថានការណ៍អ៊ុយក្រែនមានស្ថិរភាព នោះ ទើបអាចធានាសន្តិសុខទ្វីបអឺរ៉ុបក្នុងកម្រិតអតិបរមាបាន។ ប៉ុន្តែ សហរដ្ឋអាមេរិកដែលជាអ្នកបង្កវិបត្តិអ៊ុយក្រែន គឺស្ថិតនៅទីឆ្ងាយ ដែលខ្លួនមិនបានរងផលប៉ះពាល់ពីវិបត្តិ ផ្ទុយទៅវិញ បែរជាឆ្លៀតឱកាសនេះ នាំឱ្យឧស្សាហកម្មយោធា ទទួលបានផលចំណេញជាច្រើន ព្រមទាំងបានទប់ស្កាត់ការអភិវឌ្ឍរបស់រុស្ស៊ីនិងអឺរ៉ុប យ៉ាងខ្លាំងថែមមួយកម្រិតទៀត ដើម្បីទទួលបានថ្នូរនយោបាយកាន់តែច្រើនឡើងៗ ក្នុងការគាំពារអនុត្តរភាពរបស់ខ្លួន ។

ផ្ទុយទៅវិញ អឺរ៉ុបបានរងការវាយប្រហារដោយសារធ្វើតាមសហរដ្ឋអាមេរិក ដោយអនុវត្តការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ហើយដំណើរស្វែងរកភាពម្ចាស់ការខាងយុទ្ធសាស្ត្រ ក៏កាន់តែត្រូវរារាំងយ៉ាងខ្លាំងដែរ។ វិបត្តិអ៊ុយក្រែននាំឱ្យសហរដ្ឋអាមេរិក រកបានមធ្យោបាយដែលបង្ការកុំឱ្យអឺរ៉ុបបម្រះខ្លួនចេញពី ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ។
បើនិយាយដល់ការលេងកលល្បិច និងអូសទាញឱ្យសម្ព័ន្ធមិត្តធ្លាក់ក្នុងអន្ទាក់ គ្មានប្រទេសណាមួយមានភាពឃោរឃៅ ជាងសហរដ្ឋអាមេរិកនោះឡើយ។

បច្ចុប្បន្ននេះ អឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក តើនឹងក្លាយជារដ្ឋចំណុះ នៃសហរដ្ឋអាមេរិក ឬក៏ស្វែងរកភាពម្ចាស់ការខាងយុទ្ធសាស្ត្រ ជម្រើសរបស់អឺរ៉ុបនឹងសម្រេចជោគវាសនានៃទ្វីបអឺរ៉ុប។ ប៉ុន្តែ មានសំណាងល្អដែលអឺរ៉ុបបានយល់ដឹងជាបណ្តើរៗថា ការធ្វើតាមសហរដ្ឋអាមេរិក វាមិនសមស្របនឹងផលប្រយោជន៍ផ្ទាល់ខ្លួនទាំងស្រុងទេ។ កាលពីថ្ងៃទី៨ខែមីនា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសនិងជនជាតិដ៏ឯករាជ្យមួយ រុស្ស៊ីចាំបាច់ត្រូវទទួលការគោរព ពីព្រោះប្រសិនបើរុស្ស៊ីមិនមែនជាចំណែកមួយ នៃប្រព័ន្ធសន្តិភាពលើមហាដីគោកអឺរ៉ុប នោះ អឺរ៉ុបប្រហែលនឹងគ្មានសន្តិភាពដ៏យូរអង្វែងនោះឡើយ។

ការអនុវត្តជាក់ស្តែងបានបញ្ជាក់រួចហើយថា ការធ្វើតាមសហរដ្ឋអាមេរិក និងអនុវត្តការដាក់ទណ្ឌកម្ម គឺមិនអាចដោះស្រាយបញ្ហាពីឫសគល់ទាល់តែសោះ វាមិនត្រឹមតែនឹងបង្កជាសភាពការណ៍ «បរាជ័យទ្វេភាគី»«បរាជ័យពហុភាគី» លើផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការដោះស្រាយបញ្ហា តាមវិធីនយោបាយផងដែរ។ អឺរ៉ុបគួរតែគិតពិចារណាពីផលប្រយោជន៍ផ្ទាល់ខ្លួន ផ្តោតការយកចិត្តទុកដាក់ទៅលើ ប្រភពនៃវិបត្តិអ៊ុយក្រែន និងបញ្ចុះបញ្ចូលប្រកបដោយវិចារណញ្ញាណ ឱ្យធ្វើការចរចាដោយសន្តិវិធី ដើម្បីជំរុញការបង្កើតរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុប ដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព។ នេះទើបជាមធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់ធានាដល់សន្តិសុខយូរអង្វែងរបស់អឺរ៉ុប។

ទ្វីបអឺរ៉ុបគឺដល់ពេលដែលរត់ចេញពីអន្ទាក់របស់សហរដ្ឋអាមេរិក និងសម្រេចបាននូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រហើយ៕