(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានដាក់ទណ្ឌកម្មថ្មីទៀត ពាក់ព័ន្ធប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រសប្តាហ៏នេះ

បន្ទាប់ពីក្រុមមន្រ្តីអាមេរិក និងកូរ៉េខាងត្បូងសង្ស័យថា ទីក្រុងព្យុងយ៉ាងបានប្រើប្រាស់ប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងការបាញ់សាកល្បង នាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។

ការដាក់ទណ្ឌកម្មខាងលើ ត្រូវបានប្រកាសដោយក្រសួងរតនាគាជាតិសហរដ្ឋអាមេរិក ហើយបានកំណត់គោលដៅលើជនជាតិរុស្ស៊ី ចំនួន២រូប និងក្រុមហ៊ុនរុស្ស៊ីចំនួន៣ ដែលមានជាប់ទាក់ទងជាមួយ កម្មវិធីមីស៉ីលរបស់កូរ៉េខាងជើង។

អនុរដ្ឋលេខាធិការក្រសួងរតនាគាអាមេរិក ទទួលបន្ទុកភេវកម្មនិងស៊ើបការណ៍ហិរញ្ញវត្ថុ លោក ប្រាយអេនណេលសុន (Brian Nelson) បានលើកឡើងដូច្នេះថា «ប្រទេសកូរ៉េខាងជើង នៅតែបន្តបាញ់ផ្លោងមីស៊ីល ដែលរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្ករការគម្រាមកំហែងដល់សន្តិសុខពិភពលោក។ ចំណាត់ការរបស់អាមេរិក គឺដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៅពេលនេះ ខណៈដែលបុគ្គលនិងក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសរុស្ស៊ីទាំងនោះ បានជួយកូរ៉េខាងជើងក្នុងការទិញគ្រឿងបន្លាស់ សម្រាប់កម្មវិធីអភិវឌ្ឍមីស៉ីលរបស់កូរ៉េខាងជើង»

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក កើតឡើងចំពេលមានក្តីថា កូរ៉េខាងជើងអាចធ្វើដូចការគំរាមរបស់ខ្លួន កន្លងទៅពិតមែន គឺបន្តបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) រយៈចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរពេញទំហឹងឡើងវិញ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៧មក៕