(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានអះអាងថា ស្ថានទូតមិនបានទទួលព័ត៌មានអ្វីអំពីសំណើរបស់រុស្ស៊ីពាក់ព័ន្ធការផ្តល់ជំនួយផ្នែកយោធានោះទេ និងបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់របស់ទីក្រុងប៉េកាំង គឺផ្តោតលើការធ្វើឱ្យ ស្ថានការណ៏តានតឹងក្នុងប្រទេសអ៊ុយក្រែន ថយចុះទៅវិញ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

តាមការចុះផ្សាយរបស់កាសែតអង់គ្លេស Financial Times កាលពីថ្ងៃអាទិត្យចុងសប្តាហ៏កន្លងទៅ ដោយបានដកស្រង់សម្តី របស់មន្រ្តីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះ បានរាយការណ៏ថា ទីក្រុងមូស្គូបានស្នើសុំប្រទេសចិនសម្រាប់ជំនួយជាគ្រឿងបរិក្ខានិងជំនួយផ្នែកយោធាផ្សេងទៀត ដើម្បីគាំទ្រការវាយប្រហារក្នុងប្រទេសអ៊ុយក្រែន។ របាយការណ៍ដដែលបានបន្ថែមថា សេតវិមានមានក្តីបារម្ភថា ទីក្រុងប៉េកាំងអាចនឹងធ្វើឲ្យខូចកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ក្នុងការជួយអ៊ុយក្រែន ដើម្បីការពារប្រទេសរបស់ពួកគេ ប្រសិនបើចិនជ្រើសរើសធ្វើតាម សំណើបែបនោះមែន។ ព័ត៌មាននេះក៏ត្រូវបានចុះផ្សាយដោយកាសែតអាមេរិក និងកាសែតរបស់បស្ចិមប្រទេសផ្សេងទៀតផងដែរ។

នៅពេលត្រូវបានគេសួរអំពីរបាយការណ៏នេះ អ្នកនាំពាក្យស្ថានទូតចិន លោក លៀវ ផឹងយូ (Liu Pengyu) បានប្រាប់សារព័ត៌មាន Reuters ថាស្ថានទូតចិន មិនទទួលបានអំពីព័ត៌មានអំពីសំណើបែបនេះទេ ដោយលោកបាននិយាយថា គោលដៅអាទិភាពរបស់ចិន ក្នុងការដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺ «ការពារស្ថានការណ៍តានតឹង កុំឱ្យកើនឡើង ឬ មិនអាចគ្រប់គ្រងបាន»

លោកបន្ថែមថា ទីក្រុងប៉េកាំងរក្សាជំហរអព្យាក្រឹតក្នុងជម្លោះរវាងរុស្ស៊ីនិង អ៊ុយក្រែន ដោយអំពាវនាវឲ្យបញ្ចប់សង្រ្គាមប៉ុន្តែបដិសេធមិនចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ក្នុងការថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៊ី៕