(តូក្យូ)៖ ក្រសួងហិរញ្ញវត្ថុនៃប្រទេសជប៉ុន បានចេញសេចក្តីសម្រេច នៅថ្ងៃអង្គារនេះ ដើម្បីបង្កកទ្រព្យសម្បតិ្តរបស់ពលរដ្ឋរុស្ស៊ី ចំនួន១៧នាក់បន្ថែមទៀត។នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានឲ្យដឹងថា សមាជិកសភាជាន់ទាបនៃសហព័ន្ធរុស្ស៊ី ចំនួន១១នាក់ រួមជាមួយ សមាជិកគ្រួសារ៥នាក់ របស់លោក យូរី កូវ៉ាល់ឈុក (Yuri Kovalchuk) ដែលជាធនាគារិករុស្ស៊ីម្នាក់ ដែលត្រូវបានគេដឹងថា មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន ព្រមទាំងមហាសេដ្ឋី វីកទ័រ វ៉េគសែលបឺគ (Viktor Vekselberg) ត្រូវបានកំណត់គោលដៅ ក្នុងការដាក់ទណ្ឌកម្មនេះ។

គួរបញ្ជាក់ថា ចំណាត់ការថ្មីនេះ នាំឲ្យចំនួនជនជាតិរុស្ស៊ី ដែលត្រូវបានប្រទេសជប៉ុនដាក់គោលដៅបង្កកទ្រព្យសម្បត្តិ សរុបកើនឡើងដល់៦១នាក់៕