(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅសប្ដាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំ NATO ពាក់ព័ន្ធនឹងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីការទូតអាមេរិក និងអឺរ៉ុប បានឱ្យដឹងទៀតថាផែនការ នៃជំនួបជាមួយមេដឹកនាំ NATO របស់លោក ចូ បៃដិន កំពុងស្ថិតនៅក្នុងដំណាក់កាលសម្រេចចិត្តចុងក្រោយនៅឡើយ ហើយអាចនឹងមាន ការផ្លាស់ប្ដូរគ្រប់ពេលវេលា ដោយសារតែស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ បើគ្មានអ្វីប្រែប្រួលទេ លោក បៃដិន និងមេដឹកនាំ NATO អាចនឹងជួបគ្នាក្នុងទីក្រុងព្រុចសែល នៅថ្ងៃទី២៣ ខែមីនានេះ។

បន្ថែមពីលើនេះ, បើតាមការគ្រោងទុក លោក បៃដិនក៏អាចនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលជាសមាជិក NATO ផងដែរ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសន្តិសុខរបស់ប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានទ័ព អ៊ុយក្រែនមួយកន្លែង ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប៉ូឡូញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយផ្ដាច់ជីវិតមនុស្ស ៣៥នាក់។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនដែលបានឈានចូលដល់សប្ដាហ៍ទី៣ បាន និងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសជា សមាជិក NATO ដូចជាប៉ូឡូញជាដើមភ័យខ្លាចអាចនឹងផ្ទុះជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ លោក បៃដិនក៏បានអះអាងជាច្រើនលើកដែរ
ថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែសន្យាថានឹងការពារដែនដី NATO មិនឱ្យបាត់បង់សូម្បីតែ មួយចំអាម៕