(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ករណីឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបន្តស្ថិតនៅលើ ៣០០,០០០នាក់ ដដែល សម្រាប់រយៈពេល៤ថ្ងៃជាប់ៗគ្នាហើយ ខណៈប្រទេសអាស៉ីខាងកើតនេះ កំពុងព្យាយាមគ្រប់គ្រង រលកឆ្លងរាលដាលយ៉ាងអាក្រក់បំផុត ដែលជំរុញដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារគ្រប់គ្រងនិងទប់ស្កាត់ជំងឺ KDCA របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ករណីឆ្លងថ្មីៗចំនួន ៣៦២,៣៣៨នាក់ទៀត ទើបតែត្រូវបានរកឃើញ ដោយភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់។ ប្រការនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូង កើនដល់ ៧,២២៨,៥៥០នាក់។

ចំនួនករណីឆ្លងប្រចាំថ្ងៃខាងលើនេះ គឺជាតួលេខខ្ពស់បំផុតទី២ បន្ទាប់ពីចំនួនករណីឆ្លង ៣៨៣,៦៦៤នាក់ ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ រីឯចំនួនអ្នកជំងឺស្លាប់ប្រចាំថ្ងៃ ក៏បានលោតឡើងខ្ពស់ខ្លាំងដែរ គឺ២៩៣នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១០,៨៨៨នាក់។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានមើលឃើញ ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង COVID-19 ចាប់តាំងតែពីដើមឆ្នាំ២០២២នេះ ដោយតួលេខប្រចាំថ្ងៃបានស្ទុះឡើងពីត្រឹម៤ខ្ទង់ ទៅ៦ខ្ទង់ ក្នុងចន្លោះពេលត្រឹមតែ៣សប្តាហ៍ប៉ុណ្ណោះ កាលពីខែកុម្ភៈ។ មកទល់ឥឡូវ ប្រជាជនកូរ៉េខាងត្បូង ៣២.១៥លាននាក់ ក្នុងចំណោមប្រជាជនសរុប ៥២លាននាក់ ឬស្មើនឹង៦២.៧ភាគរយ បានចាក់វ៉ាក់សាំងដូសជំរុញ ខណៈ៤៤.៤២លាននាក់ ឬស្មើនឹង៨៦.៦ភាគរយ ទទួលបានការចាក់គ្រប់ដូស៕