(កៀវ)៖ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អ៊ីហ្គ័រ ហ្សូវកា (Igor Zhovka) បាននិយាយតាមកញ្ចក់ទូរទស្សន៍អាល្លឺម៉ង់ នៅថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែន កំពុងស្វែងរកការធានាសន្តិសុខ សម្រាប់ប្រទេសរបស់ខ្លួន ក្នុងកំឡុងពេលពិភាក្សាជាមួយប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

លោក ហ្សូវកា បានបញ្ជាក់ដូច្នេះថា «យើចង់ធ្វើឲ្យប្រាកដថា ស្ថានភាពនេះ (សង្រ្គាម) មិនកើតឡើងម្តងទៀត»។ ការលើកឡើងនេះរបស់ លោក ហ្សូវកាកើតមានឡើងខណៈទីក្រុងម៉ូស្គូ នៅតែបន្តប្រតិបត្តិការរបស់ខ្លួនមកលើអ៊ុយក្រែន បើទោះបីជាលោកពូទីន បានចេញបញ្ជាឲ្យមានបទឈប់បាញ់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅក៏ដោយ។

បើតាមលោក ហ្យូវកា, កំឡុងពេលចរចា អ៊ុយក្រែន បានផ្តល់យោបល់ទាក់ទងនឹងដំណោះស្រាយសន្តិភាពដែលធ្វើទៅបាន និងការធានា សន្តិសុខសម្រាប់អ៊ុយក្រែន បន្ទាប់ពីបញ្ចប់ការខ្វែងគំនិតគ្នា។ លោកបានបន្តថា ការទាមទារមួយចំនួនរបស់រុស្ស៊ី គឺមិនអាចទទួលយកបាន ឧទាហរណ៍ដូចជាការទាមទារយកទឹកដីមួយចំនួន។ លោកជឿជាក់ថា កិច្ចពិភាក្សានៅតែអាចធ្វើទៅបានលើចំណុចផ្សេងទៀត ប៉ុន្តែការពិចារណាគួរតែផ្តោតលើការធានាសន្តិសុខសម្រាប់អ៊ុយក្រែននាពេលអនាគត។

គួរបញ្ជាក់ថា កិច្ចចរចាជុំទី៤ រវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឡើងតាមអនឡាញ នៅថ្ងៃចន្ទម្សិលមិញដោយទទួលបានលទ្ធផលរីកចម្រើនខ្លះ តែជំនួបនឹងបន្តនៅថ្ងៃអង្គារនេះទៀត៕