(រីយ៉ាដ)៖ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអារ៉ាប៊ីសាអូឌីត បានអញ្ជើញប្រធានាធីបតីចិន លោក ស៉ី ជិនពីង ឲ្យទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប់នេះ ហើយបើឆាប់បំផុតគឺវាអាចកើតឡើង នៅក្នុងខែឧសភាខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។

បើតាម Wall Street Journal ដំណើរទស្សនកិច្ចនេះ អាចនឹងជួយឲ្យអារ៉ាប៊ីសាអូឌីត បង្កើនទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ឱ្យកាន់តែស៉ីជម្រៅ ចំពេលដែលចំណងទាក់ទងរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងស្ថានភាពមិនសូវជាល្អប៉ុន្មាននោះឡើយ។

នៅក្នុងបទសម្ភាសន៍មួយជាមួយ ទស្សនាវដ្តីអាមេរិក ដឺ អាត្លង់ទិច (The Atlantic) ដែលបានចេញផ្សាយកាលពីដើមខែនេះ, រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉ាត់ ប៊ីន សាល់ម៉ាន់ (Mahammed Bin Salman) បានលើកឡើងថា ទ្រង់មិនខ្វល់ព្រះទ័យថាតើ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន យល់យ៉ាងណាចំពោះទ្រង់នោះទេ។

កាសែត Wall Street Journal បានអះអាងថា អារ៉ាប៊ីសាអូឌីតគ្រោងរៀបចំ ការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់លោក ស៉ី ជិនពីង ស្រដៀងគ្នាទៅនឹងអ្វីដែលខ្លួនធ្លាប់បានរៀបចំ ជូនអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ នៅពេលដែលលោក ត្រាំ កាលនោះ បានធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីត ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត ក្នុងនាមលោកជាប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ចូ បៃដិន បានចូលកាន់តំណែងបន្តពីលោក ត្រាំ នៅខែមករា ឆ្នាំ២០២១ ភាពជាដៃគូយុទ្ធសាស្រ្តរវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក ហើយនិងសហរដ្ឋអាមេរិក បានស្ថិតក្រោមភាពស្រពិចស្រពិល ដោយសារតែបញ្ហាសិទ្ធមនុស្សរបស់ទីក្រុងរីយ៉ាដ ជាពិសេសទាក់ទងនឹងសង្រ្គាមនៅប្រទេសយេម៉ែន រួមជាមួយការស្លាប់របស់អ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ កាសូហ្គី កាលពីឆ្នាំ២០១៨៕