(ប៉េកាំង)៖ កាលពីថ្ងៃទី១៤ ខែមីនា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលជួបពិភាក្សាការងារជាមួយលោក Sullivan ឧបការីប្រធានាធិបតីអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេស នៃមជ្ឈិមបក្សកុម្មុយនិស្តចិន បានអធិប្បាយពីគោលជំហររបស់ប្រទេសចិន ចំពោះស្ថានការណ៍អ៊ុយក្រែន។

លោក Yang Jiechi បានចង្អុលបង្ហាញថាជានិច្ចកាលប្រទេសចិន តែងតែផ្តួចផ្តើមឱ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ គោរពតាមកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រទេសចិនបានខិតខំជំរុញ កិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ចំណែកឯសហគមន៍អន្តរជាតិ គួរតែរួមគ្នាគាំទ្រកិច្ចចរចាសន្តិភាពនេះ។

ភាគីនានាគួរតែរក្សាភាពអត់ធ្មត់ជាអតិបរមាការពារជនស៊ីវិល ដើម្បីចៀសវាងការលេចចេញវិបត្តិមនុស្សធម៌ ក្នុងទ្រង់ទ្រាយធំ។ ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់អ៊ុយក្រែន ហើយនឹងបន្តធ្វើការខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងរឿងនេះ៕