(ប៉េកាំង)៖ ថ្ងៃទី១៤ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបពិភាក្សាការងារជាមួយលោក Sullivan ឧបការីប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងប្រកបដោយលក្ខណៈស្ថាបនា ចំពោះទំនាក់ទំនងរវាងចិននិងអាមេរិក និងបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ព្រមនិងឯកភាពគ្នាចំពោះការរួមគ្នាអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនការយល់ដឹងពីគ្នា គ្រប់គ្រងការខ្វែងគំនិតពង្រីកគំនិតឯកភាពរួម និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កលក្ខខណ្ឌល្អប្រសើរសម្រាប់ជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព។

ថ្លែងក្នុងកិច្ចជំនួប លោក Yang Jiechi បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជារឿងដែលពាក់ព័ន្ធអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ ភាគីចិនទាមទារឱ្យភាគីអាមេរិកមើលឱ្យបានយ៉ាងច្បាស់ ពីភាពរសើបខ្ពស់នៃបញ្ហាតៃវ៉ាន់ គោរពតាមគោលការណ៍ចិនតែមួយ បទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី និងពាក្យសន្យាដែលធ្វើឡើង ដោយភាគីអាមេរិក មិនត្រូវបន្តដើរលើផ្លូវគ្រោះថ្នាក់ខ្លាំងទៀតឡើយ៕