(ប៉េកាំង)៖ នៅយប់ថ្ងៃទី១៣ ខែមីនា ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានបើកធ្វើនៅកីឡដ្ឋានជាតិចិននៅក្រុងប៉េកាំង។ «ការណាត់គ្នាក្នុងឱកាសអភិវឌ្ឍចលនាកីឡាព្រិលទឹកកករបស់ប្រទេសចិន» លើកនេះ បានដំណើរការពីរដូវរងាដល់រដូវផ្ការីក និងបានបិទបញ្ចប់ប្រកបដោយល្អឥតខ្ចោះ ស្របពេលជាមួយគ្នានេះ វាក៏បានក្លាយជាទីចាប់ផ្តើមនៃដំណើរអភិវឌ្ឍន៍ថ្មី របស់ចលនាកីឡាព្រិលទឹកកករបស់មនុស្សជាតិផងដែរ។

តាមរយៈការរៀបចំធ្វើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ពិភពលោកបានមើលឃើញម្តងទៀតថា ទីក្រុងប៉េកាំងដែលប្រកបដោយភាពកក់ក្តៅ និងប្រទេសចិនដែលមានទំនួលខុសត្រូវ ហើយបានបង្ហាញពីគំរូដ៏ល្អបវរនៃការជំរុញ សាមគ្គីភាពនិងមេត្រីភាពរបស់មនុស្សជាតិ ទៅកាន់ពិភពលោកដែលមានភាពវឹកវរ។

«ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ មានភាពអស្ចារ្យដូចគ្នា» ប្រទេសចិនបានធ្វើតាមពាក្យសន្យារបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។ ប្រសិនបើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានផ្លាស់ប្តូរប្លង់នៃចលនាកីឡាព្រិលទឹកកករបស់ពិភពលោក នោះ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ក៏បានលើកកម្ពស់កម្រិតនៃការរៀបចំធ្វើ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាឱ្យឈានដល់កម្រិតថ្មីមួយ ។ អត្តពលិកមកពីប្រទេសនិងតំបន់ជាច្រើន និងគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរៀបចំការប្រកួតកីឡាអន្តរជាតិ និងការផ្តល់សេវានៅកីឡដ្ឋាន នៃព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ដោយផ្តោតសំខាន់លើការដកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

«បើការទប់ទល់នឹងការរីករាលដាល នៃជំងឺកូវីដ១៩ ក៏មានមេដាយមាសនោះ គួរផ្តល់ជូនប្រទេសចិនមួយគ្រឿង»។ នេះបើតាមការលើកឡើងរបស់ អ្នកនាង Linda Le Bon អត្តពលិកនៃប្រទេសបែលហ្សិក។ ក្រោមសភាពដែលមាន ជំងឺឆ្លងរាលដាលយ៉ាងខ្លាំងក្លា គោលនយោបាយបង្ការជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ធ្វើឱ្យអ្នកនាងទុកចិត្តក្រៃលែង អ្នកនាងបានប្រាប់ថា នេះជាការដកបទពិសោធន៍ប្លែក បើប្រៀបធៀបនឹងទីតាំងប្រកួតអន្តរជាតិផ្សេងទៀត អត្តពលិកអាចផ្តោតការយកចិត្តទុកដាក់ទាំងស្រុងតែលើការប្រកួត។ ចំណែកឯអ្នកនាង Barbara van Bergen អត្តពលិកវិញ្ញាសារជិះស្គីភ្នំអាល់ផែននៃប្រទេសហូឡង់ ដែលបានចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកជាលើកទី៤ បានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីចែករំលែកការដកពិសោធន៍ដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត ចំពោះការចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅក្រុងប៉េកាំង ។ អ្នកនាងបានសរសេរថា «មានទឹកចិត្តរំភើបណាស់ ហ្វឹកហាត់នៅទីនេះគួរឱ្យសប្បាយចិត្តណាស់»

ដោយឡែកគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិបានថ្លែងថា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ទទួលបានការកោតសរសើរខ្ពស់ពីបណ្តាភាគី ទាំងការរៀបចំការប្រកួតកីឡាអន្តរជាតិ ការផ្តល់សេវាកម្ម និងការធានាសុវត្ថិភាពជាដើម ប្រធានប្រតិភូកីឡានានាបានរួមគ្នាកោតសរសើរថា ការប្រកួតលើកនេះបានដំណើរការយ៉ាងរលូន ឯអត្តពលិកទទួលបានសេវាថែទាំយ៉ាងល្អប្រសើរ។

ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងលើកនេះ គណៈប្រតិភូកីឡាចិនបានស្ថិតក្នុងលេខរៀងទី១ ទាំងក្នុងតារាងមេដាយមាស និងតារាងមេដាយ នេះមិនត្រឹមតែបានបង្កើតស្នាដៃល្អបំផុតរបស់ចិន ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់ចិន ក្នុងការជំរុញការអភិវឌ្ឍបុព្វហេតុកីឡានៃជនពិការផងដែរ។ អត្តពលិកជនពិការមកពីប្រទេសនិងតំបន់នានា ទទួលបានជ័យលាភីដ៏អស្ចារ្យបំផុតក្នុងឆាកជីវិតរបស់ពួកគេ ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ចំណែកឯជនពិការជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក រហូតដល់មនុស្សជាតិទាំងមូល ក៏ទទួលអារម្មណ៍យ៉ាងពិតប្រាកដពី ស្មារតីកីឡាដ៏អស្ចារ្យនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងផងដែរ។

គួររំលឹកថា ចាប់តាំងពីព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាលើកទីមួយ បានប្រារព្ធឡើងនៅប្រទេសស៊ុយអែតកាលពីឆ្នាំ ១៩៧៦ មក ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាបានពង្រឹង និងពង្រីកការអភិវឌ្ឍជាបន្តបន្ទាប់ បានក្លាយជាឆាកជីវិតសម្រាប់អត្តពលិកជនពិការ នៅលើពិភពលោកដើម្បីបង្ហាញពីកម្រិតប្រកួតប្រជែង និងបកស្រាយយ៉ាងរស់រវើកនូវគុណតម្លៃអាយុជីវិត ហើយវាក៏បានកសាងស្ពានសម្រាប់ពិភពលោក ដើម្បីបង្កើនចំណងមិត្តភាពផងដែរ។ បច្ចុប្បន្ននេះ ទោះបីជាជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនិងតំបន់មួយចំនួន នៅលើពិភពលោក នៅតែមានភាពមិនប្រាកដប្រជាក៏ដោយ ក៏ប៉ុន្តែការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង នៅតែរៀបចំតាមពេលកំណត់ នេះជាការរួមចំណែកថ្មីរបស់ប្រទេសចិន ក្នុងការជំរុញការអភិវឌ្ឍនៃកិច្ចការអូឡាំពិកនិងបុព្វហេតុជនពិការ។

ក្នុងរយៈពេលជាងមួយខែកន្លងទៅនេះ ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បាននាំមកនូវភាពកក់ក្តៅនិងរំភើបចិត្តកាន់តែច្រើន ជូនដល់ពិភពលោក ក៏ដូចជានាំមកនូវក្តីសង្ឃឹមជូនដល់អ្នកផងទាំងពួង ដែលបាននិងកំពុងរងផលប៉ះពាល់ពី ការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយក៏បានបំពេញបន្ថែមនូវជំនឿចិត្តកាន់តែច្រើន ទៅក្នុងពិភពលោកដែលមានភាពវឹកវរផងដែរ។ ក្នុងនាមជាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាមុនគេបង្អស់ បន្ទាប់ពីដាក់បញ្ចូលបាវចនាអូឡាំពិក «កាន់តែសាមគ្គីភាព» រួចមក ការរៀបចំដោយជោគជ័យ នៃការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង មិនត្រឹមតែជាភាពជោគជ័យរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាភាពជោគជ័យរបស់ពិភពលោកទាំងមូលផងដែរ វាមិនត្រឹមតែជាជ័យជំនះនៃចលនាកីឡាប៉ុណ្ណោះទេ ហើយក៏ជាជ័យជំនះនៃសាមគ្គីភាពផងដែរ។

ការពិតជាក់ស្តែងបានបញ្ជាក់ម្តងទៀតទៅកាន់ពិភពលោកថា ប្រទេសចិនគឺគួរឱ្យជឿទុកចិត្តបាន។ ប្រទេសចិនបានបង្ហាញនូវការប្រកួតកីឡាអូឡាំពិករដូវរងាដ៏ឱឡារិក ដែលប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងភាពអស្ចារ្យជូនចំពោះទូទាំងពិភពលោក ដែលធ្វើឱ្យអត្តពលិកមកពីប្រទេសនានា អាចផ្តោតការយកចិត្តទុកដាក់ទាំងស្រុង តែលើការផ្លាស់ប្តូរបទពិសោធន៍និងការប្រកួតនៅទីនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏មានជំនឿចិត្តនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាដែលមានភាពអស្ចារ្យដូចគ្នា ក្នុងន័យលើកទឹកចិត្តឱ្យអត្តពលិកជនពិការបង្ហាញពី គុណតម្លៃរបស់ចលនាកីឡាប៉ារ៉ាឡាំពិកស្តីពី «ភាពក្លាហាន ការប្តេជ្ញាចិត្ត ការលើកទឹកចិត្តនិងសមភាព» ព្រមទាំងធានាអះអាងឱ្យអត្តពលិកជនពិការ អាចបង្ហាញយ៉ាងពេញលេញនូវភាពស្រស់ស្អាត នៃអាយុជីវិតពីការដកបទពិសោធន៍ដ៏ល្អបវរ ។

សូមរំលឹកថា លោក Juan Antonio Samaranch ប្រធានកិត្តិយសពេញមួយជីវិត នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិធ្លាប់ថ្លែងថា «ជនពិការចូលរួមលេងកីឡាគឺជាចលនាកីឡា សម្រាប់ដាស់ឱ្យភ្ញាក់នូវសតិសម្បជញ្ញៈរបស់មនុស្សជាតិ»។ បច្ចុប្បន្ននេះ នៅទូទាំងពិភពលោកមានចំនួនជនពិការលើសពី ១ ពាន់លាននាក់ដែលប្រហែលត្រូវជា ១៥ ភាគរយនៃចំនួនប្រជាជនសរុប ក្នុងនោះ ប្រទេសចិនមានចំនួនជនពិការជាង ៨៥លាននាក់ ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានផ្តល់បង្អួចថ្មីសម្រាប់ឱ្យពិភពលោកអាចមើលឃើញពីវត្តមាន កិច្ចខិតខំប្រឹងប្រែងនិងភាពមិនងាយរបស់ជនពិការ ស្របពេលជាមួយគ្នានេះ វាក៏បានផ្តល់ឱកាសដល់ពិភពលោក ដើម្បីលើកទឹកចិត្តដល់អត្តពលិកជនពិការ ដែលបានធ្វើការខិតខំប្រឹងប្រែងឥតឈប់ឈរ ព្រមទាំងជំរុញឱ្យសង្គមទាំងមូល ផ្តល់ការយកចិត្តទុកដាក់ចំពោះជនពិការ។

គួរបញ្ជាក់ថា វិធានការបង្ការជំងឺឆ្លងនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បានគិតគូរដល់ស្ថានការណ៍ និងតម្រូវការជាក់ស្តែងនៃការប្រកួតនិងជនពិការ ដែលបានគោរពយ៉ាងពេញលេញនូវឆន្ទៈរបស់ជនពិការ បានបង្កើនការប្រាស្រ័យទាក់ទងគ្នា និងការផ្លាស់ប្តូរដោយវិជ្ជមានដើម្បីផ្តល់សេវាល្អទាន់ចិត្ត។ ដោយឡែក ច្រកចេញចូល ៨១ភាគរយ បញ្ជរផ្តល់សេវា ៥៦ភាគរយ បន្ទប់ទឹក ៣៨ភាគរយ ជាដើមដែលជាចំណែកសំខាន់ នៃបរិក្ខារផ្តល់សេវាចម្រុះក្នុងភូមិទូទាំងប្រទេសចិន ត្រូវបានកែច្នៃដើម្បីបន្ថែមភាពងាយស្រួលដល់ជនពិការ ប្រការនេះធ្វើឱ្យជនពិការចិនចំនួន ៨៥លាននាក់ ទទួលបានផលប្រយោជន៍ពីក្នុងនោះ។

គួរបញ្ជាក់ផងដែរថា ភាពស្និទ្ធស្នាលនិងកក់ក្តៅនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ជាគំរូមួយដែលបានបង្ហាញឱ្យឃើញថា បុព្វហេតុកីឡានៃជនពិការរបស់ចិន កំពុងវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ ។ នាពេលថ្មីកន្លងទៅនេះ រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី «ការអភិវឌ្ឍន៍បុព្វហេតុកីឡា និងការធានាសិទ្ធិរបស់ជនពិការប្រទេសចិន» ជាលើកដំបូងដោយបានប្រើប្រាស់ទិន្នន័យលម្អិត និងករណីជាច្រើនក្នុងន័យបង្ហាញឱ្យឃើញថា ជនពិការចូលរួមលេងកីឡាជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ឱ្យជនពិការពង្រឹងសុខភាពទាំងរាងកាយនិងផ្លូវចិត្ត ចូលរួមសកម្មភាពសង្គមនិងសម្រេចបាន នូវការរីកចម្រើនដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាវិធីសាស្ត្រដ៏ពិសេសសម្រាប់ឱ្យប្រជាជន យល់ដឹងពីសក្តានុពលនិងគុណតម្លៃរបស់ជនពិការ ក៏ដូចជាជំរុញភាពចុះសម្រុងគ្នា និងវឌ្ឍនភាពរួមរបស់សង្គមផងដែរ។

បន្ទាប់ពីការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបានបិទបញ្ចប់ កីឡាដ្ឋានទាំងអស់នឹងបើកទាំងស្រុងឱ្យសាធារណជន ចូលលេងកីឡាក្នុងន័យសម្រេចបាន នូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ សមិទ្ធផលជាផ្លែផ្កាគ្រប់ប្រការនៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង កំពុងជ្រាបចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន។

«ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ មានភាពអស្ចារ្យដូចគ្នា។» យើងរំពឹងថា «រួមគ្នាឆ្ពោះទៅអនាគត» ជាពន្លឺនៃសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ដែលប្រមូលផ្តុំដោយការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ មុខជានឹងដើរចេញផុតពីស្រមោលខ្មៅ និងជំនះព្យុះភ្លៀង ហើយនឹងបំភ្លឺដំណើរថ្មីនៅពេលអនាគត សម្រាប់ឱ្យមនុស្សជាតិពួតដៃគ្នាឆ្ពោះទៅមុខ ជាក់ជាមិនខាន៕