(វ៉ាស៉ីនតោន)៖ ទីក្រុងវ៉ាស៉ីនតោនបានទទូចឱ្យឥណ្ឌាកុំទិញប្រេងពីរុស្ស៉ី ក្រោមហេតុផលថា ការធ្វើយ៉ាងដូច្នោះស្មើនឹងបង្ហាញ ការគាំទ្រចំពោះទីក្រុងមូស្គូ ចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីក្រុមមន្រ្តីឥណ្ឌាបានបង្ហើបថា រដ្ឋាភិបាលទីក្រុងញូដេលីរីករាយនឹងពិចារណា លើការទិញប្រេងដែលរុស្ស៉ីបញ្ចុះតម្លៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។

នៅពេលត្រូវបានជជីកសួរអំពីសេចក្តីរាយការណ៍ដែលថា ឥណ្ឌាប្រហែលទទួលយកការស្នើលក់ប្រេងឆៅបញ្ចុះតម្លៃរបស់រុស្ស៉ី អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី ចេន ផ្សាគី (Jen Psaki) បាននិយាយថា ប្រទេសនានាគួរតែពិចារណាលើតួនាទីរបស់ពួកគេ នៅក្នុងសៀវភៅប្រវត្តិសាស្រ្ត នៅពេលធ្វើសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងរុស្ស៉ី ខណៈរុស្ស៉ីកំពុងបន្តការវាយប្រហារលើអ៊ុយក្រែន ប៉ុន្តែលោកស្រីបានគូសបញ្ជាក់ថា ប្រសិនបើឥណ្ឌាសម្រេចទិញក៏ដោយ នឹងមិនល្មើសការដាក់ទណ្ឌកម្មរបស់លោកខាងលិចនោះទេ។

ការអត្ថាធិប្បាយដូចខាងលើរបស់ លោកស្រីអ្នកនាំពាក្យសេតវិមានធ្វើឡើង បន្ទាប់ពីមន្រ្តីឥណ្ឌា២នាក់ បានបង្ហើបប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ទីក្រុងញូដេលីកំពុងធ្វើការថ្លឹងថ្លែងលើការស្នើរបស់រុស្ស៉ី ដោយក្នុងនោះមន្រ្តីឥណ្ឌាមួយរូប ថែមទាំងបានលើកឡើងថា ឥណ្ឌាទំនងជានឹងទទួលយក។

គួរបញ្ជាក់ថា មកទល់ពេលនេះ ឥណ្ឌាបានបដិសេធចូលរួមជាមួយសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តអាមេរិកជាច្រើនទៀត ក្នុងការថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយបានធ្វើអនុបវាទក្នុងការបោះឆ្នោតមួយរបស់ UN កាលពីពេលកន្លងទៅក្នុងខែមីនានេះ ដែលសំដៅថ្កោលទោសរុស្ស៉ីទៀតផង៕