(សៀងហៃ)៖ របាយការណ៍ថ្មីមួយ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មិនមានប្រទេសសូម្បីតែមួយ អាចបំពេញតាមការរក្សាគុណភាពខ្យល់ស្ដង់ដារ កំណត់ដោយអង្គការសុខភាពពិភពលោក WHO នោះទេ កាលពីឆ្នាំ២០២១ ខណៈផ្សែងអ័ព្ទបានគ្របដណ្ដប់លើតំបន់ជាច្រើន ក្រោយវិធានការរឹតត្បិត COVID-19 ត្រូវបានបន្ធូរបន្ថយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

បើតាមរបាយការណ៍ទិន្នន័យចេញផ្សាយដោយ IQAir ដែលជាក្រុមហ៊ុនបច្ចេវិទ្យា និងតាមដានគុណភាពខ្យល់ មានមូលដ្ឋាននៅក្នុងប្រទេសស្វីស, ការប្រមូលទិន្នន័យស្ដីពីការបំពុលខ្យល់អាកាស ធ្វើឡើងនៅតាមទីក្រុងចំនួន ៦,៤៧៥ នៅជុំវិញពិភពលោក។ ទិន្នន័យនេះក៏បានបង្ហាញដែរថា នៅ ក្នុងចំណោមទីក្រុងទាំងនេះ មានទីក្រុងចំនួន៩៣ ដែលមានកម្រិតភាគល្អិតពុល PM2.5 នៅក្នុងខ្យល់ច្រើនជាង១០ ដង ធៀបទៅនឹងកម្រិតដែល ត្រូវបានផ្ដល់អនុសាសន៍ដោយ WHO។

គួរបញ្ជាក់ថា អង្គការ WHO បានផ្ដល់អនុសាសន៍ដល់បណ្ដាប្រទេសនានា ឱ្យរក្សាកម្រិតភាគល្អិតពុល PM2.5 នៅក្នុងខ្យល់ មិនឱ្យលើស ៥មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាពមនុស្ស៕