(រីយ៉ាដ)៖ ក្រុមឧទ្ទាមហូទី (Houthi) ក្នុងប្រទេសយេម៉ែន បាននិយាយថា ពួកគេបានបើកការវាយប្រហារទៅលើ ទីតាំងរោងចក្រថាមពលរបស់អារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃសុក្រសប្តាហ៍នេះ ហើយបើតាមក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ការវាយប្រហារនោះ គឺត្រូវចំស្ថានីយចែកចាយផលិតផលប្រេង នៅរដ្ឋជេដា (Jeddah) របស់ក្រុមហ៊ុនថាមពលដ៏ធំរបស់អារ៉ាប៊ីសាអូឌីតគឺ អារ៉ាមកូ (Aramco) ដោយអាងស្តុកប្រេងចំនួន២ បានរងការផ្ទុះឆាបឆេះ តែមិនមានមនុស្សរងរបួសទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពនេះ និងបញ្ជាក់ជាថ្មីថា ខ្លួននឹងមិនទទួលខុសត្រូវ ចំពោះការរាំងស្ទះណាមួយ នៃចរាចរណ៍ផ្គត់ផ្គង់ប្រេងសកល ដែលបណ្តាលមកពីការវាយប្រហារទាំងនេះឡើយ។ ក្រសួងថាមពលរបស់អារ៉ាប៊ីសាអូឌីត បានរិះគន់ប្រទេសអ៊ីរ៉ង់ ចំពោះការបន្តផ្តល់អាវុធដល់ក្រុម Houthi ដូចជាមីស៊ីលផ្លោង និងយន្តហោះ Drone ទំនើបៗ ហើយសង្កត់ធ្ងន់ថា «ការវាយប្រហារបែបនេះ នឹងនាំឱ្យប៉ះពាល់ដល់សមត្ថភាពផលិត និងផ្គត់ផ្គង់ប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់ទីផ្សារពិភពលោក»។ ប៉ុន្តែទីក្រុងតេហេរ៉ង់ បានបដិសេធ ចំពោះការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមហូទី ដែលគាំទ្រដោយអ៉ីរ៉ង់ បានបង្កើនការវាយប្រហារទៅលើ ទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីត កំលុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មុនដល់ពេលវេលានៃបទឈប់បាញ់ជាបណ្តោះអាសន្ន សម្រាប់ឱកាសពិធីបុណ្យមូស្លីម រ៉ាម៉ាដន ប្រចាំឆ្នាំ។ ក្រុមយោធាចម្រុះអារ៉ាប់ ដែលបាននិយាយថា ខ្លួននឹងខំប្រឹងអត់ធ្មត់ នៅចំពោះមុខការវាយប្រហារទាំងនេះ បានសម្រេចបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស ទៅលើទីតាំងរបស់ក្រុមហូទី នៅប្រទេសយេម៉ែនវិញ នាថ្ងៃសៅរ៍នេះ ដើម្បីជាការសងសឹក៕