(ព្រុចសែល)៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) បានប្រកាសពីកិច្ចព្រមព្រៀងធំមួយស្តីពីឧស្ម័នធម្មជាតិរាវ (LNG) ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុប លើប្រភពថាមពលរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBC នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងនោះ នឹងមើលឃើញសហរដ្ឋអាមេរិកផ្គត់ផ្គង់ដល់ EU នូវឧស្ម័នបន្ថែម ឲ្យបានក្នុងបរិមាណស្មើនឹងខ្ទង់១០ភាគរយ នៃឧស្ម័នដែលអឺរ៉ុបខ្លួនទទួលបានពីរុស្ស៊ី នាពេលបច្ចុប្បន្ននៅក្នុងឆ្នាំនេះ។ កន្លងទៅ ប្លុក EU ធ្លាប់បានប្រកាសរួចហើយថា ខ្លួននឹងកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់រុស្ស៊ី ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈដែល បច្ចុប្បន្នរុស្ស៊ីផ្គត់ផ្គង់ប្រហែល៤០ភាគរយ នៃតម្រូវការឧស្ម័នរបស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងខាងលើ បរិមាណឧស្ម័នដែលអឺរ៉ុបទទួលបាន គឺនឹងស្មើខ្ទង់២៤ភាគរយ នៃឧស្ម័នដែលខ្លួនកំពុងនាំចូល ពីរុស្ស៉ី។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញ ក្នុងកំលុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯទីក្រុងព្រុចសែល។ គោលដៅចុងក្រោយរបស់ EU គឺចង់ឱ្យសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិ អាចផ្តល់ការផ្គត់ផ្គង់ឧស្ម័នប្រហែល ៥០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំដល់ខ្លួន ដើម្បីកាត់ផ្តាច់ការពឹងផ្អែកថាមពលលើរុស្ស៊ី៕