(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃសៅរ៍នេះ បាននិយាយថា ឥឡូវកំពុងមានក្តីបារម្ភយ៉ាងធំ នៅទូទាំងតំបន់ប៉ាស៉ីហ្វិក បន្ទាប់ពីប្រទេសដីកោះសូឡូម៉ុន (Solomon Islands) បានទទួលស្គាល់ថា ខ្លួនកំពុងផ្សារភ្ជាប់ភាពជាដៃគូលើផ្នែកសន្តិសុខ ជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ សូឡូម៉ុនបានប្រកាសថា ខ្លួនកំពុងពង្រីកបន្ថែមនូវចំណងទាក់ទងជាមួយចិន ដើម្បីប្រយុទ្ធប្រឆាំងការគំរាមកំហែងផ្នែកសន្តិសុខ និងដើម្បីធានាឱ្យបានបរិស្ថានសុវត្ថិភាព សម្រាប់ការវិនិយោគទុន ខណៈប្រទេសដីកោះនៅតំបន់ប៉ាស៉ីហ្វិកមួយនេះ កំពុងព្យាយាមធ្វើឱ្យមានភាពចម្រុះ នៅក្នុងទំនាក់ទំនងផ្នែកសន្តិសុខរបស់ខ្លួន។

កន្លងមកនេះ លទ្ធភាពនៃការកើតមាន នូវកិច្ចព្រមព្រៀងសន្តិសុខរវាងចិននិងសូឡូម៉ុន បានបណ្តាលឱ្យមានក្តីព្រួយបារម្ភពីសំណាក់ ប្រទេសអូស្រ្តាលីហើយនិងនូវែលសេឡង់ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ស្តីអំពីឥទ្ធិពលរបស់ចិននៅក្នុង តំបន់ដែលពួកគេធ្លាប់តែក្តោបក្តាប់ឥទ្ធិពលរឹងមាំ រាប់ទសវត្សរ៍មកហើយ។

ក្រោយត្រូវបានសួរសំណួរពាក់ព័ន្ធបញ្ហាខាងលើ លោក ម៉ូរីសុន បានថ្លែងដូច្នេះថា «យើងដឹងថា ឥឡូវកំពុងមានក្តីព្រួយបារម្ភយ៉ាងធំនៅទូទាំងគ្រួសារតំបន់ប៉ាស៉ីហ្វិក ដោយសារពួកយើងធ្វើការទាក់ទងគ្នាជាប់ជាប្រចាំ ជាមួយគ្រួសារតំបន់ប៉ាស៉ីហ្វិករបស់យើង។ ខ្ញុំនឹងពិភាក្សាបន្ថែមទៀត ជាមួយបណ្តាថ្នាក់ដឹកនាំនៅតំបន់ប៉ាសីហ្វិក នៅចុងសប្តាហ៍នេះ»។ លោក ម៉ូរីសុន បានអះអាងថា អូស្រ្តាលីគឺជាដៃគូអភិវឌ្ឍន៍ធំដាច់គេរបស់ប្រទេសសូឡូម៉ុន។

គួរបញ្ជាក់ថា សូឡូម៉ុនដែលជាប្រទេសដីកោះតូចមួយ នៅចម្ងាយប្រមាណជា ២,០០០គីឡូម៉ែត្រ ពីភាគឦសាននៃប្រទេសអូស្រ្តាលី បានងាកចេញពីតៃវ៉ាន់ ហើយទៅបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយចិន កាលពីឆ្នាំ២០១៩៕